(អាដ្រេ, ឆាដ)៖ ជនភៀសខ្លួនរាប់ពាន់នាក់មកពីតំបន់ដាហ្វួរ (Darfur) ដើម្បីគេចពីការប្រយុទ្ធគ្នា និងការវាយប្រហារកំណត់គោលដៅលើជនជាតិភាគតិច ក្នុងតំបន់ភាគខាងលិចមួយនេះនៃប្រទេសស៊ូដង់ កំពុងតស៊ូស្វែងរកទីជម្រក ការផ្គត់ផ្គង់ជាមូលដ្ឋាននៅក្នុងប្រទេសឆាដ ដែលជាប្រទេសជិតខាង ខណៈភ្លៀងធ្លាក់ និងខ្យល់កំពុងបក់បោកបក់លើកន្លែងស្នាក់បណ្តោះអាសន្នរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

អង្គការសហប្រជាជាតិ ប៉ាន់ស្មានថា ជនភៀសខ្លួនច្រើនជាង ៣០០,០០០នាក់ បានចាកចេញពីតំបន់ដាហ្វួរ ទៅកាន់ប្រទេសឆាដ ចាប់តាំងពីជម្លោះដណ្តើមអំណាចគ្នា ផ្ទុះឡើងក្នុងរដ្ឋធានីខាទុំ របស់ស៊ូដង់ កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ការចាប់ផ្តើមនៃរដូវវស្សា បានធ្វើឲ្យក្រុមភ្នាក់ងារផ្តល់ជំនួយជួបការលំបាក ក្នុងការផ្គត់ផ្គង់ ដល់ជនភៀសខ្លួន ដែលមកដល់ប្រទេសឆាដដោយថ្មើរជើង ឬប្រើរទេះ ជាមួយនឹងចំនួនមនុស្សធ្វើដំណើរឆ្លងព្រំដែនកាន់តែច្រើន។ ជនភៀសខ្លួនម្នាក់ ក្នុងចំណោម ជនភៀសខ្លួនប្រហែល ៣៣,០០០នាក់ នៃជំរុំក្នុងទីក្រុងអួររាំង (Ourang) នៃប្រទេសឆាដ បានឲ្យដឹងថា ជម្រកស្នាក់នៅរបស់ខ្លួនត្រូវបានបំផ្លាញ ដោយភ្លៀង ធ្លាក់ឥតឈប់ឈរ។ ឥឡូវនេះ អ្នកខ្លះ​ស្នាក់នៅ​ក្នុង​តង់​ក្រណាត់។

គួរបញ្ជាក់ថា បើតាមសមាគម Darfur Bar ការវាយប្រហារនាពេលថ្មីៗនេះលើនៅរដ្ឋ West Darfur បានសម្លាប់មនុស្សជាង ២០០នាក់ និងធ្វើឲ្យមនុស្សរាប់ពាន់នាក់ ផ្សេងទៀតរត់ភៀសខ្លួន។ អ្នកដែលបានភៀសខ្លួនចេញពីទីក្រុងមួយនេះ សុទ្ធតែរាយការណ៍ពីការខ្វះខាតស្បៀងអាហារ អគ្គិសនី និងការផ្គត់ផ្គង់ទឹក៕