(កាប៊ុល)៖ ក្រុមមេដឹកនាំតាលីបង់ បានជួបក្រុមមន្ត្រីអាមេរិកក្នុងប្រទេសកាតា ជាលើកដំបូងគិតចាប់តាំងពីវិលត្រឡប់មកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានវិញ កាលពី ២ឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសនៃរបបដឹកនាំតាលីបង់ លោក អាប់ឌុល កាហា បាល់ឃី (Abdul Qahar Balkhi) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ភាគីទាំងពីរបាន ពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត អំឡុងកិច្ចពិភាក្សារយៈពេល ២ថ្ងៃ ដែលរួមទាំងការដកទណ្ឌកម្ម ការហាមឃាត់ការធ្វើដំណើរ ក៏ដូចជាការប្រគល់ទ្រព្យសម្បត្តិ របស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាន ដែលត្រូវបង្កកនៅបរទេស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបញ្ហាសិទ្ធិមនុស្សផងដែរ។

បើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាមេរិក ក្នុងកិច្ចពិភាក្សានោះ គណៈប្រតិភូអាមេរិក ដែលរួមមានទាំងអ្នកតំណាងពិសេស លោក ថូ ម៉ាស់ វ៉េស (Thomas West) និងបេសកជនពិសេសទទួលបន្ទុកកិច្ចការស្ត្រី កុមារី និងសិទ្ធិមនុស្សសម្រាប់អាហ្វហ្គានីស្ថាន លោកស្រី រីណា អាមីរី (Rina Amiri) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទងនឹងការឃុំឃាំង ការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ និងដែនកំណត់លើការអនុវត្តសាសនា ហើយស្នើឲ្យក្រុមតាលីបង់ដោះ សា្រយបញ្ហានេះ។

គួរបញ្ជាក់ថា ចាប់តាំងពីបានឡើងមកកាន់កាប់ប្រទេសអាហ្វហ្កានីស្ថាននៅខែសីហា ឆ្នាំ២០២១មក មិនមានប្រទេសណាមួយទទួលថាជារដ្ឋាភិបាលតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់ជាផ្លូវការនោះទេ។ ប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ជុំវិញការរឹតបន្តឹងលើការអប់រំរបស់ស្ត្រី អាហ្វហ្កានីស្ថានក៏កំពុងជួបវិបត្តិ មនុស្សធម៌ ផងដែរ ដោយស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ខ្លួនសរុបចំនួន ២៣លាននាក់ ពឹងផ្អែកលើជំនួយពីកម្មវិធីស្បៀងអាហារពិភពលោក (WFP)៕