(តូក្យូ)៖ ព្យុះទីហ្វុងដ៏ខ្លាំងមួយ កំពុងបក់បោកឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ដោយបង្ខំឱ្យមានការលុបចោលជើងហោះហើរ រាប់រយជើង ខណៈក្រុមមន្ត្រីបានជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនទៅកាន់ទីជម្រកមានសុវត្ថិភាពរៀបចំដោយរដ្ឋ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថានឹងបក់បោកក្នុងល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលព្យុះនេះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងវាយប្រហារលើកោះអូគីណាវ៉ា (Okinawa) ក្នុងថ្ងៃអង្គារនេះតែម្ដង។ ទីក្រុងជាច្រើននៅលើកោះអូគីណាវ៉ា បានចេញសេចក្ដីណែនាំដល់ប្រជាជន យ៉ាងហោច ៣៧០,០០០នាក់ នៅចំពោះមុខការព្រមានពីអាជ្ញាធរឧតុនិយមថារលកសមុទ្រអាចនឹងមានកម្ពស់ដល់ទៅ ១២ម៉ែត្រ។

គួរបញ្ជាក់ថា ជើងហោះហើរជាង ៥០០ជើង ត្រូវបានលុបចោលនៅថ្ងៃអង្គារនេះ ហើយសេវាធ្វើដំណើរតាមផ្លូវទឹក និងរថយន្ដក្រុង ត្រូវបានផ្អាកជាបណ្ដោះអាសន្ន មុនការមកដល់ព្យុះទីហ្វុង Khanun។ ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងក្រុមហ៊ុន All Nippon Airways ក៏បានឱ្យដឹងដែរថា អ្នកដំណើរជាង ៧៤,០០០នាក់ អាចនឹងរងផលប៉ះពាល់ដោយសារការលុបចោលជើងហោះហើរ នៅថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ៕