(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងគម្រោងរៀបចំកិច្ចពិភាក្សាមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្ដីពីសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែនបានបញ្ជាក់ជំហរច្បាស់ៗពីការមិនស្វាគមន៍វត្តមានរបស់រុស្ស៉ី នៅឯកិច្ចពិភាក្សានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

កិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែនខាងលើ ត្រូវបានរាយការណ៍មុនគេដោយកាសែតអាមេរិក Wall Street Journal ដែលបានបញ្ជាក់ថាអារ៉ាប៊ីសាអូឌីត នឹងអញ្ជើញ មេដឹកនាំមកពីបណ្ដាប្រទេសលោកខាងលិច អ៊ុយក្រែន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ធំៗ ដើម្បីពិភាក្សាពីផែនការសន្តិភាពរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។

បើតាម Wall Street Journal ទីក្រុងកៀវ និងក្រុមប្រទេសលោកខាងលិច សង្ឃឹមថាកិច្ចពិភាក្សានេះអាចនឹងនាំទៅរកការគាំទ្រជាលក្ខណៈអន្តរជាតិ ចំពោះលក្ខខណ្ឌ សម្រាប់សន្តិភាពដែលផ្អៀងទៅខាងអ៊ុយក្រែ​ន ដែលជាជនរងគ្រោះនៃការឈ្លានពានរបស់រុស្ស៉ី។ នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍របស់ Wall Street Journal អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានកត់សម្គាល់ដូច្នេះថា «ជាការពិតណាស់ រុស្ស៉ីនឹងតាមដានកិច្ចពិភាក្សានេះ។ យើង ចាំបាច់ត្រូវតែដឹងថាតើអ្វីទៅជាគោលបំណងដែលបានកំណត់ និងអ្វីទៅដែលនឹងត្រូវលើកយកទៅពិភាក្សា។ រាល់ការប៉ុនប៉ងលើកកម្ពស់ការផ្សះផ្សារសន្តិភាព សមនឹងទទួលបានការវាយតម្លៃជាវិជ្ជមាន»

តែទោះជាបែបនេះក្ដី លោក ប៉េសកូវ បានបញ្ជាក់ឡើងវិញពីជំហររបស់ទីក្រុងមូស្គូថាក្នុងពេលបច្ចុប្បន្ន ខ្លួនមើលមិនឃើញឡើយ ពីហេតុផលត្រូវចរចាសន្តិភាពជាមួយ ទីក្រុងកៀវ។

គួរបញ្ជាក់ថា ផែនការសន្តិភាពរបស់លោក ហ្សេលេនស្គី ដែលលោកផ្ទាល់បានលើកឡើងកាលពីដើមឆ្នាំ២០២៣នេះ ក្នុងនោះរួមមានការតម្រូវឱ្យកងទ័ពរុស្ស៉ីទាំងអស់ ដកចេញពីទឹកដីរបស់អ៊ុយក្រែន និងស្ដារឡើងវិញនូវព្រំដែនរបស់អ៊ុយក្រែន ក្រោយសម័យសូវៀតបិទបញ្ចប់។ លោក ហ្សេលេនស្គី ក៏បានច្រានចោលផងដែរចំពោះ បទឈប់បាញ់រយៈពេលខ្លី ដោយលោកយល់ថានឹងទុកពេលឱ្យរុស្ស៉ីដកដង្ហើម និងប្រមូលកម្លាំងឡើងវិញដើម្បីបើកការឈ្លានពានជាថ្មីតែប៉ុណ្ណោះ៕