(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងជាអគ្គមេបញ្ជាការកងទ័ពចិនផងនោះ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានតែងតាំងប្រមុខដឹកនាំថ្មីនៃកងកម្លាំងប្រដាប់ អាវុធ ដែលទទួលបន្ទុកគ្រប់គ្រងឃ្លាំងអាវុធទូទៅ និងមីស៊ីលនុយក្លេអ៊ែររបស់ចិន តែមួយថ្ងៃប៉ុណ្ណោះមុននឹងការប្រារព្ធខួបនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

លោក វ៉ាង ហ៊ូប៊ីន (Wang Houbin) ដែលជាអតីតមេបញ្ជាការរងនៃការទ័ពជើងទឹកចិន ត្រូវបានតែងតែជាប្រធានថ្មីនៃកងកម្លាំងរ៉ុក្កែត PLA (PLA Rocket Force) រីឯលោក ស៊ូ ស៊ីឈឹង (Xu Xisheng) ជាប្រធានទទួលបន្ទុកអប់រំនយោបាយ ដោយអ្នកទាំង២ ត្រូវបានដំឡើងតំណែងជាឧត្ដមសេនីយ៍។

នៅមុនត្រូវបានតែងតាំងជាប្រធានកងកម្លាំងរ៉ុក្កែត PLA លោក វ៉ាង បានកាន់តំណែងមេបញ្ជាការរងកងទ័ពជើងទឹកចិនចាប់តាំងពីឆ្នាំ២០២០មក ហើយលោកក៏ ធ្លាប់បានកាន់តំណែងជានាយសេនាធិការរងនៃកងទ័ពជើងទឹកចិនផងដែរ។ ចំណែក លោក ស៊ូ ស៊ីឈឹង វិញធ្លាប់កាន់តំណែងជាអនុប្រធានទទួលបន្ទុកការអប់រំ នយោបាយនៃទីបញ្ជាការប្រចាំភូមិភាគខាងត្បូង ដែលជាទីបញ្ជាការមួយក្នុងចំណោមទីបញ្ជាការទាំង៥ភូមិភាគរបស់ចិន។

ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មិនបានឱ្យដឹងថាតើប្រធានកងកម្លាំងរ៉ុក្កែត PLA មុន គឺលោក លី យូចៅ (Li Yuchao) ត្រូវបានប្ដូរតួនាទី ឬក៏ស្ថិតនៅទីណានោះទេ ស្របពេលការតែងតាំងថ្មីនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងចិនត្រូវប្រារព្ធខួបលើកទី៩៦ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA នៅថ្ងៃទី១ ខែសីហានេះ៕

Wang Houbin