(អ៊ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាន និងចិននៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Sheikh Baz Sharif បាននិយាយថា នឹងនាំយកគម្រោងសេដ្ឋកិច្ចរួមគ្នាដ៏ធំរបស់ប្រទេសទាំងពីរទៅកាន់ដំណាក់កាលថ្មីមួយទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

លោក Sharif បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅទីក្រុង Islamabad ដើម្បីអបអរសាទរខួបលើកទី១០ នៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលមានតម្លៃរាប់ពាន់លានដុល្លារ។

លោក Sharif បាននិយាយបន្ទាប់ពីពិធីចុះហត្ថលេខាដូច្នេះថា «ថ្ងៃនេះយើងបានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ដែលនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់យើង ខណៈដែលយើងនឹងអនុវត្តដំណាក់កាលទីពីរ នៃច្រករបៀងសេដ្ឋកិច្ចក្រោមគំរូថ្មីមួយ»

គួរបញ្ជាក់ថា ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលត្រូវបានបើកដំណើរការក្នុងឆ្នាំ២០១៣ គឺជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ទីក្រុងប៉េកាំង ដែលបានចំណាយរាប់សិបពាន់លានដុល្លារ ទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដើម្បីសាងសង់ស្ពាន រវាងកំពង់ផែ Gwadar នៅភាគនិរតីប៉ាគីស្ថាន និងស៊ីនជាំងនៅភាគពាយ័ព្យប្រទេសចិន៕