(កៀវ)៖ សង្គ្រាមអ៊ុយក្រែនបានឈានដល់ថ្ងៃទី៥២២ហើយគិតត្រឹមថ្ងៃចន្ទទី៣១កក្កដាឆ្នាំ២០២៣។ សង្គ្រាមនេះ បានរាលដាលចូលក្នុងទឹកដីរុស្ស៊ីវិញហើយ គ្រាដែលដ្រូនរបស់អ៊ុយក្រែនបាន ធ្វើការវាយប្រហារដាក់លើក្រុងម៉ូស្គូ និងលើតំបន់គ្រីមៀរវេលាចុងក្រោយនេះទៀត។ នៅជាមួយគ្នានេះ, ប្រទេសប៉ូឡូញ និងលីទុយអានី ក៏កំពុងបារម្ភខ្លាចសង្គ្រាមនឹងរាលដាលចូលក្នុងទឹកដីរបស់ខ្លួនផងដែរ ខណៈដែលក្រុមទាហាន Wagner របស់រុស្ស៊ី ត្រូវគេរាយការណ៍ជុំវិញ សកម្មភាពដែលស្ថិតក្បែរនឹងព្រំដែនរបស់ប៉ូឡូញ និងលីទុយអានី។

ប្រទេសប៉ូឡូញ និងលីទុយអានី បាននឹងកំពុងពិចារណាបិទព្រំដែនរបស់ពួកគេ ជាមួយប្រ ទេសបេឡារុស្ស ខណៈដែលមានអ្នកប្រយុទ្ធយ៉ាងតិច ១០០នាក់របស់ទាហានឯកជនស៊ីឈ្នួលរុស្ស៊ី Wagner ត្រូវគេរាយការណ៍ថា បានមកដល់តំបន់យុទ្ធសាស្ត្រ Suwałki Gap ដែលគេ ស្គាល់ទូទៅថា ជាច្រករបៀង Suwałki ។

កាលពីសប្តាហ៍មួយកន្លងមកនេះ, ប្រទេសប៉ូឡូញបានបញ្ជូនកងកម្លាំងយោធារបស់ខ្លួនមក កាន់តំបន់ភាគខាងកើតប្រទេស បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner រុស្ស៊ីត្រូវគេរាយការណ៍ថា បានចាប់ផ្តើមបង្វឹកទាហានពិសេសរបស់ប្រទេសបេឡារុស ដែលមានចម្ងាយប្រ មាណពីរទៅបីគីឡូម៉ែត្រនៃព្រំដែនប្រទេសប៉ូឡូញនោះ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោកម៉ាធើស ម៉ូរ៉ាវីឃី Mateusz Morawiecki បានថ្លែងកាលពីចុង សប្តាហ៍កន្លងមកនេះថា ព្រំដែនរបស់ប្រទេសប៉ូឡូញពិតជាមានការគំរាមកំហែងផ្នែកសន្តិសុខ។

លោក លោកម៉ាធើស ម៉ូរ៉ាវីឃី បានថ្លែងដូច្នេះថា «ពេលនេះស្ថានការណ៍កាន់តែមានសភាពគ្រោះ ថ្នាក់កាន់តែខ្លាំងឡើង។ យើងបានទទួលព័ត៌មានមកថា មានទាហានក្រុម Wagner ប្រមាណ ជាង១០០នាក់ កំពុងតែធ្វើដំណើរមកក្នុងទិសដៅតំបន់យុទ្ធសាស្ត្រ Suwałki Gap ដែលស្ថិត នៅមិនឆ្ងាយពីក្រុង Grodno ក្នុងទឹកដីបេឡារុស»

ក្រុង Grodno គឺជាក្រុងភាគខាងលិចមួយរបស់ប្រទេសបេឡារុស ដែលក្បែរនឹងព្រំដែនរបស់ ប្រទេសប៉ូឡូញនិងប្រទេសលីទុយអានី។ លោក លោកម៉ាធើស ម៉ូរ៉ាវីឃី បានថ្លែងបន្តទៀត ដោយដាក់ចេញនូវសំណួរចង់ដឹងថា «ហេតុ អ្វីបានជាពួកគេធ្វើយ៉ាងនេះ? នេះគឺជាការបោះជំហានមួយរបស់ពួកគេក្នុងទិសដៅរកការវាយប្រហារបែប Hybrid Attacks ដាក់មកលើទឹកដីរបស់ប្រទេសប៉ូឡូញ ដែលក្នុងនោះពួកគេនឹងអាចក្លែងបន្លំខ្លួនជាឆ្មាំព្រំដែនបេឡារុស និងជួយដល់ក្រុមធ្វើចំណាកស្រុកខុសច្បាប់ដែលចង់ ចួលមកក្នុងទឹកដីរបស់ប៉ូឡូញ និងដើម្បីការបង្កអស្ថិរភាពក្នុងប៉ូឡូញ…ហើយពួកគេនឹងចង់ប្រើ ឳកាសនេះជ្រៀតចូលមកក្នុងទឹកដីប៉ូឡូញ ដោយធ្វើជាក្រុមចំណាកស្រុកខុសច្បាប់»។ លោក បានបន្តថា ពួកគេនឹងព្យាយាមធ្វើដំណើរចូលមកក្នុងទឹកដីប៉ូឡូញដែលសកម្មភាពនេះនឹងបង្ក គ្រោះថ្នាក់ជាបន្ថែមទៀតដល់ទឹកដីនៃប្រទេសប៉ូឡូញរបស់លោក។

តើនេះជាសញ្ញាគ្រោះថ្នាក់ដល់ប្រទេសប៉ូឡូញដែរឬទេ?

មេដឹកនាំប្រទេសបេឡារុសលោក Alexander Lukashenko បានថ្លែងក្នុងខែកក្កដានេះ ប្រាប់ មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា ក្រុមទាហានស៊ីឈ្នួល Wagner បានធ្វើឱ្យលោកមានក្តី ព្រួយបារម្ភ ដោយសារតែពួកគេចង់វាយប្រហារដាក់លើប្រទេសប៉ូឡូញ។ លោក Lukashenko បានថ្លែងក្នុងពេលនោះទៀតថា ក្រុមទាហាន Wagner ចង់ ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាសូវី Warsaw និងទីក្រុង Rzeszow នៃប្រទេសប៉ូឡូញនោះ។ គោលបំណងរបស់ក្រុម Wagner គឺចង់វាយកាត់ផ្តាច់ផ្លូវដឹកជញ្ជួនសម្ភារៈយោធារបស់ ណាតូដែលប្រើប្រាស់ទឹកដីប៉ូ ឡូញក្នុង ការដឹកជញ្ជួនមកឱ្យអ៊ុយក្រែនដើម្បីការប្រយុទ្ធលើសមរភូមិភាគខាងកើត។ ប្រទេសបេឡា រុស គឺជាប្រទេសដែលមានព្រំដែនរួមជាមួយប្រទេសប៉ូឡូញ លីទុយអានីនិងប្រទេសឡាតវីយ៉ា។

ប្រទេសប៉ូឡូញនៅជាមួយនឹងសភាពការណ៍នេះ បានបញ្ជូនកងកម្លាំងប្រមាណជាង ១ពាន់នាក់ ធ្វើដំណើរទៅកាន់តំបន់ព្រំដែនភាគខាងកើតប្រទេសតាំងពីថ្ងៃទី៨កក្កដានោះមក។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីទុយអានី លោកអាណុលដាស អាប្រាម៉ាវីស្ហឹស្ស Arnoldas Abramavičius បាននិយាយថា ការគំរាមកំហែងពីទាហានស៊ីឈ្នួល Wagner នៅតាមព្រំដែន លីទុយអានី និងតំបន់បាល់ទិក «គឺមានពិតប្រាកដមែន»។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅប្រទេសលីទុយអានីថា នឹងមានលទ្ធភាពបិទច្រកព្រំដែនរវាងប្រទេសលីទុយអានីនិងប្រ ទេសបេឡារុស។

សេចក្តីរាយការណ៍បានបង្ហាញថា ក្រុមទាហានWagner បាន​កំពុង​បង្វឹកបង្ហាត់កងកម្លាំង​ពិសេស​របស់​បេឡារុស នៅ​ជិត​ព្រំដែន​ប្រទេសប្រទេសប៉ូឡូញ ដែលជា​សមាជិក​របស់អង្គការណាតូ។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីទុយអានីដដែលនោះបាននិយាយទៀតថា មានទាហាន Wagner ប្រមាណ១ពាន់២០០នាក់ នៅលើទឹកដីបេឡារុស និងពួកគេមួយចំនួនបានស្ថិតនៅ ក្បែរតំបន់ព្រំដែនរបស់ប្រទេសលីទុយអានីផងដែរ។

ប៉ុន្តែក្នុងសំណួរមួយដែលគេចង់ដឹង ថាតើសម្តីរបស់មេដឹកនាំបេឡារុសដែលនិយាយថា ក្រុម Wagner ចង់ធ្វើដំណើរមកកាន់ក្រុងវ៉ាសូវី Warsaw និងទីក្រុង Rzeszow នៃប្រទេសប៉ូឡូញ នោះ នឹងអាច ជាការពិតដែរឬទេ? លោកបានឆ្លើយថាសម្តីនោះនឹងមិនអាចគំរាមកំហែង ដល់ប្រទេសប៉ូឡូញបានទេ។ លោកបានថ្លែងថាក្នុងនាមជាមហាអំណាចយោធាមួយ, ប៉ូឡូញ នឹងមិនស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំឡើយ។ លោកនិយាយថា សម្តីរបស់លោក លូកា ស៊្ហិនកូ​ នោះ គឺ ជាសម្តីបង្កការញុះញង់ដែលលោកជឿថា នឹងមិនមានហេតុការណ៍នោះអាចកើតឡើងឡើយ ។ ប៉ុន្តែលោកថាវាអាចជាក្រុមអ្នកភៀសខ្លួន, អ្នកធ្វើចំណាកស្រុកមិនទៀងទាត់ដែលត្រូវបាន គេបញ្ជូននដើម្បីបង្កឱ្យមានហេតុការណ៍ចលាចលកើតឡើង។

នៅក្នុងខ្សែវីដេអូដែលចេញផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ Voen TV របស់ប្រទេសបេឡារុស, ក្រុមទាហានWagner ត្រូវបានគេឃើញពាក់របាំងមុខខ្មៅ ខណៈពេលកំពុងហ្វឹកហាត់ជួយ ទាហានបេឡារុស្ស អំពីរបៀបបាញ់ក្នុងពេលប្រយុទ្ធ។ ការហ្វឹកហ្វឺននោះបានធ្វើឡើងនៅក្បែរ តំបន់អាស៊ីប៉ូវីឈី Asipovichy ចម្ងាយប្រមាណ ៩០គីឡូម៉ែត ភាគខាងត្បូងនៃរដ្ឋធានី Minsk ។

ក្រសួងការពារជាតិនៃប្រទេសបេឡារុស បានប្រកាសនៅលើប្រព័ន្ធបណ្តាញសង្គមតេឡេក្រាមថា ក្រុមអ្នកប្រយុទ្ធ Wagner «បានដើរតួជាអ្នកបង្ហាត់បង្រៀននៅក្នុងវិន័យយោធាមួយចំនួន»។ ប្រទេសប៉ូឡូញ និងលីទុយអានី បារម្ភខ្លាចថាទាហានស៊ីឈ្នួល Wagner ទាំងនោះ អាច ក្លែងខ្លួនជាអ្នកស្វែងរកសិទ្ធិជ្រកកោន ដោយធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រទេសបេឡារុស្ស ចូលមកក្នុងបណ្តារដ្ឋនានា ដែលជាសមាជិកសហភាពអឺរ៉ុប និងចាប់ផ្តើមធ្វើការបង្កហេតុ ។

ប្រធានគណបក្សកាន់អំណាចរបស់ប្រទេសប៉ូឡូញ លោកចារ៉ូសស្លាវ កាហ្ស៊ីនស្គី Jarosław Kaczyński នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក បាននិយាយថាក្រុមទាហាន Wagner គឺ «មិនមែនស្ថិតនៅក្នុងប្រទេសបេឡារុសដើម្បីតែការសប្បាយនិងលេងសើចនោះទេ»។ លោកបានដាស់តឿនដល់រដ្ឋាភិបាលត្រូវធ្វើការត្រៀមប្រុងប្រយ័ត្ន។ លោកបានថ្លែងបន្តថា «ពួកគេនៅទីនោះដើម្បីបង្កើតនូវវិបត្តិជាច្រើនប្រភេទ ក្នុងគោលដៅជាចម្បងប្រឆាំងនឹងប៉ូឡូញ។ លោកបានថ្លែងរំពឹងទៀតថា ប៉ូឡូញហាក់ដូចជាបានបង្កើន សមត្ថភាពការពាររបស់ខ្លួនយ៉ាងច្រើនហើយ ដើម្បីត្រៀមរារាំងនឹងទប់ស្កាត់រាល់ការបង្កហេតុ និងសកម្មភាពទាំងឡាយរបស់ក្រុមទាហានស៊ីឈ្នួល Wagner ទាំងនោះ។

ស្ថានការណ៍សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានឈានដល់ថ្ងៃទី៥២២ថ្ងៃហើយគិតត្រឹមថ្ងៃចន្ទទី៣១កក្កដា ឆ្នាំ២០២៣។ អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារលើទីក្រុងម៉ូស្គូនិងលើតំបន់គ្រីមៀរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ អគារការិយាល័យចំនួន២ក្នុងរដ្ឋធានីម៉ូស្គូត្រូវបានបំផ្លាញ និង ការវាយប្រហារនោះបានបង្ខំចិត្តឱ្យរុស្ស៊ីត្រូវបិទអាកាសយានដ្ឋានអន្តរជាតិចំនួន៤របស់ខ្លួន មួយរយៈ ពេលខ្លីថែមទៀតនៅក្នុងក្រុងម៉ូស្គូ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះដ្រូនមួយគ្រឿងដែល តម្រង់ការវាយប្រហារលើក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់នៅជាយក្រុង…ចំណែកពីរគ្រឿង​ផ្សេងទៀត ត្រូវបានទប់ស្កាត់​ដោយឧបករណ៍​ចម្បាំងអេឡិចត្រូនិក ហើយបានបុក​អគារការិយាល័យនាព្រឹកថ្ងៃអាទិត្យនោះ ប៉ុន្តែមិនបានបង្ក​ឲ្យមាន​អ្នករងរបួសនោះទេ។ ក្រោយពេល​វាយប្រហារនោះ អ៊ុយក្រែនមិនបានប្រកាសការទទួលខុសត្រូវនោះទេ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលិនស្គី បានព្រមានថា សង្គ្រាម​កំពុងតែ​រាលទៅរក​ប្រទេសរុស្ស៊ីហើយ ។ ដោយឡែកជុំវិញការវាយប្រហារដោយដ្រូនដាក់លើតំបន់គីមៀនោះវិញ, រុស្ស៊ីបាននិយាយថាគេបានធ្វើឱ្យធ្លាក់ដ្រូនអ៊ុយក្រែនចំនួន២៥គ្រឿងផងដែរ។ មិនមានសេចក្តីរាយការណ៍អំពីមនុស្សគ្រោះថ្នាក់ឡើយក្នុងការវាយប្រហារដាក់ក្នុងតំបន់គ្រីមៀនោះ។
ក្រសួងការពារជាតិរុស្ស៊ី​បានថ្កោលទោស ការវាយប្រហារនោះថា ជាការប៉ុនប៉ងធ្វើភេរវកម្ម ហើយរដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សៀហ្គេ ឡាវរ៉ូវ បាន និយាយថា ការវាយប្រហារបែបនេះ​មិនអាច​ធ្វើទៅបានទេ ប្រសិនបើ ពុំមានការជួយជ្រោមជ្រែង​ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូ៕