(បាងកក)៖ មន្ត្រីម្នាក់បាននិយាយថា ការបំផ្ទុះគ្រាប់បែកនៅភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សម្នាក់ និងរបួស១២នាក់នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣។

ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ២០២១ អំពើហឹង្សាបានកើនឡើង ខណៈការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមប្រឆាំង បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។

របបយោធាបាន និងកំពុងប្រយុទ្ធជាមួយកងជីវពលដែលហៅថា «កងកម្លាំងការពារប្រជាជន» និងក្រុមឧទ្ទាមជនជាតិភាគតិចជាប្រវត្តិសាស្ត្រ ដែលគ្រប់គ្រងទឹកដីជាច្រើននៅតាមព្រំដែន។

មន្ត្រីនៃក្រុមប្រឹក្សាភិបាលរដ្ឋ Karen បាននិយាយថា រថយន្តមួយគ្រឿងបានបំផ្ទុះនៅជិតប៉ុស្តិ៍ត្រួតពិនិត្យស្ពាន Thanlwin នាវេលាម៉ោងប្រហែល ៦ និង៥០នាទីព្រឹកម៉ោងក្នុងស្រុក។

ដោយសុំមិនបញ្ចេញឈ្មោះពួកគេទាំងនោះបាននិយាយដូច្នេះថា «មនុស្សប្រហែល ១៣នាក់រួម​ទាំង​អ្នក​ដំណើរ និង​បុគ្គលិក​សន្តិសុខ​បាន​រង​របួស» ដោយគូសបញ្ជាក់ថា «ម្នាក់ក្នុងចំណោមពួកគេបានស្លាប់ នៅពេលមកដល់មន្ទីរពេទ្យ»។

ទោះជាយ៉ាងណា ប្រភពដដែលនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេជុំវិញឧបទ្ទវហេតុនេះ ប៉ុន្តែប៉ុស្តិ៍ត្រួតពិនិត្យខាងលើ ត្រូវបានគេដឹងថាមានវិធានការសន្តិសុខដ៏តឹងរ៉ឹង។

រហូតមកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយទេ។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៣,៨០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ៕