(កៀវ)៖ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ការវាយប្រហារដោយមីស៉ីល ២លើកព្រមគ្នារបស់រុស្ស៉ីលើទីក្រុងភាគកណ្តាល នៃតំបន់កៀវយី រីហ៍ (Kryvyi Rih) ដែលស្ថិតនៅភាគខាងត្បូងប្រទេស បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ នាថ្ងៃចន្ទនេះ ហើយមួយចំនួនទៀតជាប់នៅក្រោមគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះវីដេអូមួយ ដែលបង្ហាញឲ្យឃើញផ្សែងហុយចេញពី ផ្នែកម្ខាងនៃអគារកម្ពស់ ៩ជាន់ ខណៈដែលអគារមួយទៀតកម្ពស់ ៤ជាន់ស្ទើរតែខូចខាតទាំងស្រុង។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ភេរវកម្មនេះ នឹងមិនបំភិតបំភ័យ ឬធ្វើឲ្យយើងបាក់ស្បាតនោះទេ។ យើងកំពុងធ្វើការ និងជួយសង្គ្រោះប្រជាជនរបស់យើង»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៉ីហ័រ គ្លីមិនកូ (Ihor Klymenko) បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា មនុស្ស ២នាក់បានស្លាប់ ហើយមនុស្សប្រហែលជា ៥ ទៅ ៧នាក់ស្ថិតនៅក្រោមគំនរបាក់បែក។ បើតាមការិយាល័យអគ្គរដ្ឋអាជ្ញា មនុស្ស ២៥នាក់បានរងរបួស ក្នុងនោះមានទាំងកុមារ ៤នាក់ផងដែរ។

គួរបញ្ជាក់ថា អភិបាលតំបន់ លោក អាឡេកសាន់ដឺ ប្រូគូឌីន (Oleksandr Prokudin) បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) មានការវាយប្រហារដោយគ្រាប់រ៉ុក្កែតដាច់ដោយឡែកមួយទៀតរបស់រុស្ស៉ី ទៅលើទីក្រុងខឺសុន (Kherson) ភាគខាងត្បូង សម្លាប់មនុស្សម្នាក់ និងរបួស ២នាក់៕