(ម៉ានីល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនដឺ លីយែន (Ursula von der Leyen) បាននិយាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប (EU) ត្រៀមលក្ខណៈជាស្រេច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្វីលីពីន ជុំវិញបញ្ហាសន្តិសុខដែនសមុទ្រ ខណៈលោកស្រីបានសង្កត់ធ្ងន់អំពីសារសំខាន់ នៃតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលសេរីនិងបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រីប្រមុខគណៈកម្មាការអឺរ៉ុប បាននិយាយដូចខាងលើ ក្រោយជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr.) នៅឯទីក្រុងម៉ានីល ជាទីដែលមេដឹកនាំទាំងពីរ បានជជែកគ្នាអំពីបញ្ហាជាច្រើន មានចាប់តាំងពីសន្តិសុខ និងពាណិជ្ជកម្ម រហូតដល់ការប្រែប្រួលនៃអាកាសធាតុ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ម៉ាកូស លោកស្រី វ៉ុនដឺ លីយែន បានលើកឡើងដូច្នេះថា «យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយហ្វីលីពីន ជុំវិញបញ្ហាសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ តាមរយៈការចែករំលែកព័ត៌មាន ការវាយតម្លៃលើការគំរាមកំហែង និងការកសាងសមត្ថភាពនៃឆ្មាំសមុទ្ររបស់អ្នក»។ ហ្វីលីពីនជាប្រទេសមួយ ដែលស្ថិតនៅចំណុចកណ្តាលនៃការប្រជែង ឥទ្ធិពលភូមិសាស្រ្តនយោបាយរវាងអាមេរិកនិងចិន ហើយក៏មានបញ្ហាវិវាទដែនសមុទ្រជាមួយទីក្រុងប៉េកាំង នៅតំបន់សមុទ្រចិនខាងត្បូង ថែមទៀតផង។
ជាចុងក្រោយ លោកស្រី វ៉ុនដឺ លីយែន ក៏បានសង្កត់ធ្ងន់ផងដែរថា «តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលគ្មានការគំរាមកំហែងនិងការសម្លុតគំរាម គឺជាកូនសោគន្លឹះ សម្រាប់ស្ថិរភាព សន្តិភាព និងវិបុលភាព របស់យើងទាំងអស់គ្នា»។ វត្តមានលោកស្រីនៅទីក្រុងម៉ានីល គឺជាដំណើរបំពេញទស្សនកិច្ចលើកទីមួយ ដោយប្រធានគណៈកម្មការអឺរ៉ុបនៅហ្វីលីពីន ក្នុងរយៈពេលជិត៦ទសវត្សរ៍៕