(អ៊ីស្លាម៉ាបាដ)៖ ប៉ូលីស និងមន្ត្រីជួយសង្គ្រោះបន្ទាន់បានបញ្ជាក់ថា មនុស្សយ៉ាងតិច ២៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យសប្តាហ៍នេះ នៅពេលដែលការបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ សំដៅលើការប្រមូលផ្តុំគណបក្សនយោបាយនៅភាគពាយព្យប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។

លោក Muhammad Israr អ្នកនាំពាក្យប៉ូលីសខេត្តបាននិយាយថា ការបំផ្ទុះនេះបានកើតឡើងអំឡុងពេលការជួបជុំជាសាធារណៈមួយ ដែលរៀបចំដោយគណបក្សស្តាំនិយម Jamaat Ulema-e-Islam ឬហៅកាត់ថា JUI-F នៅទីក្រុង Khar នៃខេត្ត Bajaur ជាប់ព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។

លោក Israr បានគូសបញ្ជាក់ថា មនុស្ស ២៥នាក់ត្រូវបានសម្លាប់ និងជាង ៥០នាក់ទៀតរងរបួសនៅក្នុងការផ្ទុះនេះ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីដើមចមនៃការបំផ្ទុះនេះ និងភាពធ្ងន់ធ្ងររបស់វា។

ដោយឡែក លោក Maulana Fazlur Rahman ដែលជាប្រធានគណបក្សនេះ បានសម្តែងការតក់ស្លុត និងការសោកស្តាយយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។

សេចក្តីថ្លែងការណ៍របស់គណបក្សបាននិយាយថា គណបក្សទាមទារឱ្យនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីរបស់ប្រទេស ធ្វើការស៊ើបអង្កេតលើឧបទ្ធវហេតុនេះ។ ក្រុមនេះក៏បានជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួនរក្សាភាពស្ងប់ស្ងាត់ផងដែរ ហើយបានអំពាវនាវឱ្យអាជ្ញាធរខេត្ត និងសហព័ន្ធផ្តល់ការថែទាំព្យាបាលល្អបំផុតសម្រាប់អ្នករបួស។

គួរបញ្ជាក់ថា តំបន់កុលសម្ព័ន្ធនៅភាគពាយព្យប៉ាគីស្ថាន គឺជាទីតាំងដ៏រឹងមាំរបស់ពួកសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ឬហៅថា TTP ។ ជាយូរយារណាស់មកហើយ ក្រុមសកម្មប្រយុទ្ធនេះតែងតែធ្វើការវាយប្រហារយ៉ាងសាហាវ លើកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ។ ប៉ុន្តែក្នុងរយៈចុងក្រោយនេះ មានការកើនឡើង ក្រោយពួកតាលីបង់អាហ្វហ្គានីស្ថាន ឡើងកាន់អំណាចប្រទេសកាលពីឆ្នាំ២០២១៕