(ប៉ារីស)៖ ប្រទេសបារាំងនៅថ្ងៃអាទិត្យសប្តាហ៍នេះ បានថ្កោលទោសការផ្ទុះឡើងនៃអំពើហិង្សាជុំវិញស្ថានទូតរបស់ខ្លួនក្នុងប្រទេសនីហ្សេ ជាកន្លែងដែលរបបយោធាមួយ បានដណ្តើមអំណាចក្នុងសប្តាហ៍នេះក្នុងរដ្ឋប្រហារមួយ ហើយបានស្នើឲ្យអាជ្ញាធរមូលដ្ឋានការពារអគារនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការបរទេសបារាំងបាននិយាយថា «នៅក្រោមអនុសញ្ញាទីក្រុងវីយែន កងទ័ពនីហ្សេរីយ៉ាមានកាតព្វកិច្ចធានាសន្តិសុខ នៃស្ថានបេសកកម្មការទូត និងស្ថានកុងស៊ុលរបស់យើង»។ របាយការណ៍បានសង្កត់ធ្ងន់ថា «យើងអំពាវនាវឱ្យពួកគេបំពេញកាតព្វកិច្ចនេះភ្លាមៗ»។
ទន្ទឹមគ្នានេះ បារាំងក៏បានថ្កោលទោស រាល់អំពើហឹង្សាប្រឆាំងនឹងបេសកកម្មការទូតរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា អ្នកគាំទ្ររបបយោធារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតបារាំងក្នុងរដ្ឋធានី Niamey នៃប្រទេសនីហ្សេ កាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់ពីទីក្រុងប៉ារីសបានផ្អាកផ្តល់ជំនួយដល់ប្រទេសនេះ ដោយខ្លះព្យាយាមចូលទៅក្នុងអគារស្ថានទូត៕