(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើអាកាសនៅទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយដែលបានបំផ្លាញអគារការិយាល័យចំនួនពីរ និងបានបិទអាកាសយានដ្ឋានអន្តរជាតិមួយកន្លែង ជាបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។

យន្តហោះដ្រូនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅជាយក្រុង ខណៈពេលដែលពីរគ្រឿងផ្សេងទៀតត្រូវបានបង្ក្រាបដោយ ផ្កាយរណបយោធា ហើយបានធ្លាក់ចូលទៅក្នុងអគារការិយាល័យមួយ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ។

ទីក្រុងម៉ូស្គូ និងតំបន់ជុំវិញដែលមានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន កម្រត្រូវបានគេកំណត់គោលដៅក្នុងអំឡុងពេលជម្លោះអ៊ុយក្រែនណាស់ ប៉ុន្តែនៅឆ្នាំនេះរងការវាយប្រហារដោយយន្តដ្រូនជាច្រើនលើក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា អាកាសយានដ្ឋាន Vnukovo ត្រូវបានបិទប្រតិបត្តិការ ហើយជើងហោះហើរត្រូវបានប្តូរទិសទៅកាន់អាកាសយានដ្ឋានផ្សេងទៀត។ ប៉ុន្តែក្នុងរយៈពេលតិចជាងមួយម៉ោង ប្រតិបត្តិការហាក់ដូចជាត្រលប់មកធម្មតាវិញ។

កាលពីដើមខែនេះ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក​ ក៏បានរំខានដល់ចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋានស្ថិតនៅភាគនិរតី នៃរដ្ឋធានីដដែលនេះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសថា ខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនមកលើតំបន់ម៉ូស្គូផងដែរ។ ការ​វាយ​ប្រហារ​លើ​ក្រុង​ម៉ូស្គូបាន​កើត​ឡើងនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលអ៊ុយក្រែនបានបើកប្រតិបត្តិការវាយបក ដើម្បី​ដណ្តើម​យក​ទឹកដី​រុស្ស៊ី​វិញ​៕