(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវៀស្គី (Mateusz Morawiecki) បានអះអាងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា យុទ្ធជនមួយក្រុមមានគ្នាប្រហែលជា១០០នាក់ មកពីក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានផ្លាស់ទីមកក្បែរទីក្រុង ហ្គ្រោដណូ (Grodno) នៃប្រទេសបេឡារុស ដែលនៅកៀកនឹងព្រំប្រទល់ជាមួយប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ប៉ូឡូញដែលជាសមាជិកនៃអង្គការណាតូ (NATO) បានកើតមានក្តីកង្វល់អំពីលទ្ធភាព នៃការរាលដាលសង្រ្គាមចូលទៅក្នុងទឹកដីរបស់ខ្លួន ចាប់តាំងតែពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ក្នុងខែកក្កដានេះ ប៉ូឡូញក៏បានចាប់ផ្តើមផ្លាស់ទី​កងកម្លាំងប្រដាប់អាវុធជាង១,០០០នាក់ ទៅកាន់ភាគខាងកើតប្រទេសផងដែរ ចំពោះមុខការកើនឡើងក្តីបារម្ភ ដែលថាវត្តមានសមាជិក​របស់ Wagner នៅបេឡារុស អាចនឹងបង្កើនភាពតានតឹងនៅតាមតំបន់ព្រំប្រទល់ រវាងប្រទេសទាំងពីរ។

លោក ម៉ូរ៉ាវៀស្គី បាននិយាយយ៉ាងដូច្នេះថា «ស្ថានការណ៍កំពុងតែគ្រោះថ្នាក់ខ្លាំងឡើងៗ... សមាជិកក្រុម Wagner ទាំងនោះ ទំនងជា​នឹងព្យាយាមបន្លំខ្លួនជាឆ្មាំព្រំដែនបេឡារុស ដើម្បីជួយជនចំណាកស្រុកខុសច្បាប់ ឆ្លងចូលមកក្នុងទឹកដីប៉ូឡូញ ហើយបង្កអស្ថិរភាពនៅក្នុង​ប្រទេសប៉ូឡូញ។ ពួកគេក៏នឹងទំនងជាប៉ុនប៉ងចូលមកកាន់ប៉ូឡូញដោយផ្ទាល់ផងដែរ ដោយក្លែងខ្លួនជាជនចំណាកស្រុកខុសច្បាប់ ខណៈ​ប្រការនេះអាចបង្កការគំរាមកំហែងបន្ថែមទៀត»។

គួរបញ្ជាក់ថា វត្តមាន Wagner នៅក្នុងប្រទេសបេឡារុស គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយដែលបានជួយបញ្ចប់​ការបះបោរប្រដាប់អាវុធ របស់ក្រុមទាហានស៉ីឈ្នួលនេះ កាលពីខែមិថុនា នៅពេលដែលពួកគេបានចូលគ្រប់គ្រងទីស្នាក់ការយោធារុស្ស៉ីមួយកន្លែង ហើយសំដៅ​ឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដែលប៊ិះនឹងរុញច្រានរុស្ស៉ីឱ្យធ្លាក់ក្នុងសង្រ្គាមស៉ីវិល៕