(ប្រេតូរីយ៉ា)៖ គណបក្សប្រឆាំងមួយរបស់ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមេដឹកនាំនៃប្រទេសចិន ឥណ្ឌា និងប្រេស៉ីល នាំគ្នាធ្វើពហិកាចំពោះកិច្ចប្រជុំកំពូល BRICS ដែលនឹងត្រូវប្រារព្ធឡើងនៅអាហ្រ្វិកខាងត្បូង នាខែសីហា ដើម្បីធ្វើជា​សកម្មភាពមួយបង្ហាញការគាំទ្រចំពោះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងមិនបានមកចូលរួមដោយផ្ទាល់់។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។

កន្លងមក លទ្ធភាពដែលថាលោក ពូទីន អាចនឹងមកចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូល BRICS គឺបានបង្កជាបញ្ហាឈឺក្បាលយ៉ាងខ្លាំងសម្រាប់​ប្រទេសអាហ្រ្វិកខាងត្បូង ដែលជាម្ចាស់ផ្ទះរៀបចំ ដ្បិតលោកប្រធានាធិបតីរុស្ស៉ី ស្ថិតក្រោមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ក្នុងខែកក្កដានេះ វិមានក្រឹមឡាំងបានបញ្ជាក់​ច្បាស់ជាផ្លូវការហើយថា រូបលោកនឹងមិនបានធ្វើដំណើរមកចូលរួមដោយផ្ទាល់ឡើយ។

ថ្លែងអំលុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្ររបស់ខ្លួន មេដឹកនាំគណបក្ស Economic Freedom Fighters (EFF) ដែលជាគណបក្ស​ធំជាងគេលំដាប់ទី៣ នៅអាហ្រ្វិកខាងត្បូង លោក ជូលីយូស ម៉ាឡេម៉ា (Julius Malema) បានអំពាវនាវឱ្យមេដឹកនាំប្រទេស BRICS ដទៃទៀត គឺចិន ឥណ្ឌា ហើយនិងប្រេស៉ីល កុំមកចូលរួមកិច្ចប្រជុំកំពូល BRICS ដូចគ្នា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយលោក ពូទីន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលមានរួមមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២២-២៤ ខែសីហា ក្នុងទីក្រុងចូហានណេសបឺគ (Johannesburg)៕