(ប៉េកាំង)៖ ភ្លៀងបានបន្តបោកបក់លើភាគខាងជើងនៃប្រទេសចិននៅថ្ងៃសៅរ៍ ខណៈព្យុះទីហ្វុងដុកស៊ូរី (Doksuri) ដែលជាព្យុះដ៏ខ្លាំងបំផុតមួយបានវាយប្រហារប្រទេសចិន មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយជំរុញឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣។

ទីភ្នាក់ងារឧតុនិយមជាតិ បានឲ្យដឹងថា តំបន់ជាច្រើនស្ទើរតែគ្របដណ្តប់រដ្ឋធានីប៉េកាំង ប្រឈមនឹងហានិភ័យពីមធ្យមទៅខ្ពស់នៃគ្រោះមហន្តរាយព្យុះភ្លៀង ក្នុងរយៈពេល ៣ថ្ងៃខាងមុខនេះ។ នៅពេលដែលខ្យល់ព្យុះរំកិលចុះមក ភ្លៀងធ្លាក់ជាបន្តបន្ទាប់កម្រិត ១០០មីលីម៉ែត្រ ឬច្រើនជាងនេះត្រូវបានព្យាករលើផ្ទៃដី ២២០,០០០គីឡូម៉ែត្រក្រឡា ដែលអាចប៉ះពាល់ដល់មនុស្សចំនួន ១៣០លាននាក់។ អាជ្ញាធរ​ក្រុង​ប៉េកាំង​ បាន​ផ្អាក​ការរៀបចំព្រឹត្តិការណ៍​កីឡា ហើយកន្លែង​កម្សាន្ត និង​ឧទ្យាន​មួយ​ចំនួន​ត្រូវបាន​បិទ ខណៈមនុស្សចំនួន ៣,០៣១នាក់ត្រូវបានជម្លៀសចេញ។

គួរបញ្ជាក់ថា បើតាមរដ្ឋបាលឧតុនិយមចិន ឥទ្ធិពលរបស់ព្យុះនេះបន្តចុះខ្សោយប៉ុន្តែនៅតែមានផលប៉ះពាល់ធំ ដោយព្រមានសាធារណជនឲ្យមានការប្រុងប្រយ័ត្ន និងជៀសវាងទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់ ដូចជាប៉េកាំង ធៀនជីន និង ហឺប៉ី៕