(ព្រុចសែល)៖ មន្រ្តីទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃសៅរ៍នេះថា សហភាពអឺរ៉ុប (EU) បានផ្អាកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាមួយប្រទេសនីហ្សេ ភ្លាមៗបន្ទាប់ពីមានរដ្ឋប្រហារយោធានៅទីនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣។
ប្រធានគោលនយោបាយការបរទេសរបស់ EU លោក ចូសេព បូរ៉ែល (Josep Borrell) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ថែមពីលើការបញ្ឈប់ជាបន្ទាន់នូវការគាំទ្រផ្នែកថវិកាហើយនោះ សកម្មភាពនៃកិច្ចសហប្រតិបត្តិការទាំងអស់លើវិស័យសន្តិសុខក៏ត្រូវបានផ្អាកដោយគ្មានពេលវេលាកំណត់»។
នីហ្សេ គឺជាអ្នកទទួលបាននូវជំនួយដ៏ធំរបស់លោកខាងលិច និងជាដៃគូសំខាន់របស់សហភាពអឺរ៉ុបក្នុងការជួយទប់ស្កាត់ការធ្វើចំណាកស្រុកមិនទៀងទាត់ចេញពីអនុតំបន់សាហារ៉ាអាហ្វ្រិក។ សម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ សហភាពអឺរ៉ុបបានផ្តល់ថវិកាចំនួន ៥៥៤លានដុល្លារ ដើម្បីកែលម្អអភិបាលកិច្ច ការអប់រំ និងកំណើនប្រកបដោយនិរន្តរភាព នៅក្នុងប្រទេសនីហ្សេ។
គួរបញ្ជាក់ថា បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី លោក មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) ក្រុមរបស់ពួកគេបានប្រកាសដាក់ឧត្តមសេនីយ អាប់ឌួរ៉ាហាម៉ាណេ (Abdourahamane Tiani) ជាប្រមុខរដ្ឋកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀ បានអំពាវនាវឲ្យមានការដោះលែងលោក បាហ្សូម ដោយគ្មានលក្ខខណ្ឌ និងស្តារសណ្តាប់ធ្នាប់ប្រទេសឡើងវិញ៕