(ប៉េកាំង)៖ ក្រសួងការពារជាតិចិន នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដានេះ បាននិយាយថាការបញ្ជូននាវាចម្បាំង និងយន្ដហោះចម្បាំងជាញឹកញាប់ដោយប្រទេស មួយចំនួន ជាការបង្ហាញសាច់ដុំយោធា ដើម្បីតែបុព្វហេតុប្រយោជន៍ផ្ទាល់ខ្លួន បានបង្កើនភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងកើត និងខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងបទអត្ថាធិប្បាយមួយឆ្លើយតបទៅនឹងសៀវភៅសប្រចាំឆ្នាំស្ដីពីវិស័យការពារជាតិរបស់ជប៉ុន អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន់ ឃឺហ្វៃ (Tan Kefei) បានកត់សម្គាល់ថាសកម្មភាពជាច្រើន បាន និងកំពុងធ្វើឱ្យភាពតានតឹងក្នុងតំបន់ កាន់តែឡើងកម្ដៅ បើទោះជាកន្លងស្ថានភាពក្នុង តំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងមានស្ថិរភាពក៏ដោយ។ លោក តាន់ បានបន្ថែមថា សៀវភៅសប្រចាំឆ្នាំស្ដីពីវិស័យការពាររបស់ជប៉ុន បានបង្កឱ្យមានការយល់ច្រឡំចំពោះចិន និងមានចេតនាបំប៉ោងបំផ្លើសនូវដែលខ្លួនហៅថាជាការគំរាកំហែងយោធាពីចិន។

អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ឡើងវិញផងដែរថាភាគីចិនបានដាក់កំណត់ទូតតវ៉ាយ៉ាងម៉ឺងម៉ាត់ ទៅកាន់ទីក្រុងតូក្យូ ដើម្បីបង្ហាញពីការប្រឆាំងដាច់ខាត ទៅនឹងសៀវភៅសរបស់ជប៉ុន។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ជប៉ុនបានបញ្ចេញសៀវភៅសប្រចាំឆ្នាំរបស់ខ្លួន ដោយធ្វើការវាយតម្លៃពីការគំរាមកំហែង និងមហិច្ឆតារបស់ចិនក្នុងជម្លោះ កម្មសិទ្ធិទឹកដីនៅក្នុងតំបន់ ព្រមទាំងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី និងកូរ៉េខាងជើង។ កាលពីឆ្នាំ២០២២ ជប៉ុនបានចាត់ទុកការឈ្លានពានរបស់រុស្ស៉ីលើ អ៊ុយក្រែនថាជាទង្វើបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ ជាមួយការបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីការប្រើប្រាស់កម្លាំងបាយដើម្បីដោះស្រាយបញ្ហា៕