(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយគណៈប្រតិភូចិន ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមអបអរ ការប្រារព្ធខួបលើកទី៧០ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ និងបានសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឱ្យដល់កម្រិតខ្ពស់ថ្មីមួយ។ នេះបើតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានទទួលស្វាគមន៍គណៈប្រតិភូចិនដឹកនាំដោយសមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក លី ហុងចុង (Li Hongzhong) កាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិន ជាលើកដំបូងបំផុត គិតចាប់តាំងពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩មក។

KCNA បានគូសបញ្ជាក់ដូច្នេះថា «ជាការបញ្ជាក់ឡើងវិញនៅឯជំនួប នោះគឺជាជំហររវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំង២ ក្នុងការដោះស្រាយស្ថានភាព អន្តរជាតិដ៏ស្មុគស្មាញ ផ្អែកលើគំនិតផ្ដួចផ្ដើមរបស់ខ្លួន និងការអភិវឌ្ឍមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពប្រកបដោយស្ថិរភាពឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយ»

គួរបញ្ជាក់ថា ជំនួបខាងលើ កើតមានឡើង បន្ទាប់ពីគណៈប្រតិភូចិន និងរុស្ស៉ី បានចូលរួមជាមួយលោក គីម ជុងអ៊ុន នៅឯពិធីធ្វើព្យុហយាត្រាយោធាមួយកាលពីយប់ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯទីក្រុងព្យុងយ៉ាង ជាមួយការសម្ញែងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី Hwasong-17 និង Hwasong-18 ព្រមទាំងយន្ដហោះដ្រូនប្រយុទ្ធ៕