(កៀវ)៖ កាសែត Financial Times នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដានេះបានរាយការណ៍ថាទាហានអ៊ុយក្រែន បាន និងកំពុងប្រើប្រាស់គ្រាប់រ៉ុក្កែតផលិតដោយ កូរ៉េខាងជើង ដែលត្រូវបានរឹបអូសដោយប្រទេសមួយជាមិត្ត មុននឹងត្រូវប្រគល់ឱ្យអ៊ុយក្រែន។

បើតាមកាសែត Financial Times ក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងថាគ្រាប់រ៉ុក្កែតខាងលើត្រូវបានរឹបអូសដោយប្រទេសជាមិត្តមួយ ពីកប៉ាល់មួយគ្រឿង មុននឹងត្រូវប្រគល់បន្តឱ្យអ៊ុយក្រែន។ ប៉ុន្តែ មិនមានការបញ្ជាក់ថាតើប្រទេសជាមិត្តនោះជានរណានោះទេ ឬព័ត៌មានលម្អិតបន្ថែមនោះដែរ។

សហរដ្ឋអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងថាកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី តែមិនបានផ្ដល់ភស្តុតាងនោះទេ ហើយអាវុធកូរ៉េខាងជើងក៏មិនត្រូវបានប្រើយ៉ាង ទូលំទូលាយ នៅសមរភូមិអ៊ុយក្រែននោះដែរ។ ចំណែក កូរ៉េខាងជើង និងរុស្ស៉ី សុទ្ធតែបានបដិសេធរៀងៗខ្លួនថាមិនមានកិច្ចព្រមព្រៀងទិញលក់អាវុធណាមួយ កំពុងធ្វើឡើងនោះទេ។

កាសែត Financial Times បានឱ្យដឹងទៀតថា អាវុធកូរ៉េខាងជើងត្រូវបានបង្ហាញដល់អ្នករាយការណ៍ព័ត៌មានរបស់ខ្លួន ដោយទាហានអ៊ុយក្រែន ដែលកំពុងធ្វើ ប្រតិបត្តិការប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត សល់ពីសម័យសូវៀតប្រភេទ Grad multiple-launch rocket systems នៅក្បែរទីក្រុងបាកមូត។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងសប្ដាហ៍នេះ ដើម្បី ចូលរួមការប្រារព្ធខួបលើកទី៧០ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ហើយនេះគឺជាដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាកំពូលរុស្ស៉ី ចាប់តាំងពីឆ្នាំ១៩៩១មក។ ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម ជុងអ៊ុន បានជូនដំណើរលោក សយហ្គូ ដើរទស្សនាអាវុធទំនើបៗរបស់កូរ៉េខាងជើង ក្នុងនោះមានទាំងមីស៊ីល ICBM ស្របពេលប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈមើលឃើញសហរដ្ឋអាមេរិកជាសត្រូវរួម៕