(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបញ្ចេញកញ្ចប់ថវិកាជាជំនួយយោធា ៣៤៥លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដើម្បី ជួយពង្រឹងសមត្ថភាពយោធារបស់ដែនកោះមួយនេះ សំដៅកំញើញការវាយប្រហារយោធាណាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យម្នាក់មកពីមន្ទីរបញ្ចកោណ បានឱ្យដឹងថាកញ្ចប់ជំនួយយោធាខាងលើ ផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការកំញើញទប់ស្កាត់សង្រ្គាម ទាំង ក្នុងពេលបច្ចុប្បន្ន និងអនាគត។ កញ្ចប់ជំនួយយោធានេះទៀតសោតនឹងជួយដោះស្រាយផងដែរលើសមត្ថភាពការពារដែនអាកាស ព្រមទាំងការបណ្ដុះបណ្ដាលយោធា ជាដើម។ មិនមានការបញ្ជាក់ឱ្យច្បាស់ពីប្រភេទអាវុធ ឬបរិក្ខារយោធាដែលសហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យតៃវ៉ាន់នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា អាវុធទាំងនោះអាចរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាសពាក់លើស្មា គ្រាប់កំាភ្លើង និងបរិក្ខារស៊ើបការណ៍សម្ងាត់ជាដើម។

គួរបញ្ជាក់ថា ការប្រកាសពីការផ្ដល់ជំនួយយោធាខាងលើ បានធ្វើឱ្យចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន ខឹងសម្បារ ដោយអ្នកនាំពាក្យស្ថានទូតចិន ប្រចាំ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថាសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ និងបញ្ឈប់រាល់សកម្មភាពដែលបង្កឱ្យមានភាពតានតឹងក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់៕