(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសតួកគី និងហុងគ្រីកំពុងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ លើដំណើរការផ្តល់សច្ចាប័នលើពាក្យសុំចូល ជាសមាជិកណាតូរបស់ប្រទេសស៊ុយអែត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីហុងគ្រី លោក Peter Szijjarto នៅទីក្រុង Budapest លោក Fidan បាននិយាយថា ប្រទេសស៊ុយអែតបានចាត់វិធានការមួយចំនួនស្របតាមការទាមទាររបស់ប្រទេសតួកគី លើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ប៉ុន្តែពួកគេរំពឹងថា នឹងមានវិធានការបន្ថែមទៀតពីទីក្រុង Stockholm ។

ទន្ទឹមគ្នានេះ លោក Fidan បានគូសបញ្ជាក់បន្ថែមថា សភារបស់ប្រទេសតួកគីនឹងពិភាក្សាគ្នាក្នុងការផ្តល់សច្ចាប័នដល់សមាជិកភាពអង្គការណាតូរបស់ប្រទេសស៊ុយអែត នៅពេលដែលវាបើកដំណើរការឡើងវិញនៅក្នុងខែតុលា៕