(នីញ៉ាម៉េ)៖ នាយឧត្តមសេនីយ៍ដែលដឹកនាំរដ្ឋប្រហារក្នុងប្រទេសនីហ្សេ បានស្វែងរកការគាំទ្រតាមទូរទស្សន៍រដ្ឋ នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីឡើងកាន់អំណាច ពីរថ្ងៃបន្ទាប់ពីសមាជិកនៃយោធាបានឃុំខ្លួនប្រធានាធិបតីជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។
លោកបានមានប្រសាសន៍ថា «ខ្ញុំស្នើឱ្យមិត្តភ័ក្តិ ដៃគូបច្ចេកទេស និងហិរញ្ញវត្ថុរបស់នីហ្សេ ស្វែងយល់ពីលក្ខណៈជាក់លាក់ នៃប្រទេសរបស់យើង ដើម្បីផ្តល់ការគាំទ្រតម្រូវការរបស់យើង ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម»។
គួរបញ្ជាក់ថា យោធានៅក្នុងប្រទេសនីហ្សេ បានទទួលស្គាល់ពីការធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី មហំាម៉ាត់ បាហ្សូម (Mohamed Bazoum) ចេញពីអំណាច កាលពីថ្ងៃពុធសប្ដាហ៍នេះ ពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសមាជិកកងអង្គរក្សមួយចំនួនរបស់ លោក បាហ្សូម ចាប់ខ្លួនរូបលោកឃុំក្នុងការិយាល័យ។
មកទល់នឹងពេលនេះ គេមិនទាន់ដឹងនៅឡើយនោះទេថាតើលោកប្រធានាធិបតី បាហ្សូម កំពុងស្ថិតនៅទីណា ឬក៏ថាតើលោកបានលាលែងចេញពីតំណែង ហើយឬក៏យ៉ាងណានោះទេ ខណៈសហរដ្ឋអាមេរិកបានអំពាវនាវភ្លាមៗឱ្យដោះលែងលោក បាហ្សូម រីឯសហភាពអាហ្វ្រិកបានថ្កោលទោសនូវអ្វីដែលពួកគេហៅថាជាការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ៕