(សេអ៊ូល)៖ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដាកន្លងទៅនេះ នាវាមុជទឹក USS Kentucky ដែលជានាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ របស់ សហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចចូលចតនៅឯទីក្រុងកំពង់ផែប៊ូសាន (Busan) នៃប្រទេសកូរ៉េខាងត្បូង។ នេះជាដំណើរទស្សនកិច្ចនៃនាវាមុជទឹកអាមេរិកប្រដាប់ ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរជាលើកដំបូងនៅកូរ៉េខាងត្បូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ ប៉ុន្តែ ដំណើរទស្សនកិច្ចនេះបានបង្កភាពក្ដៅក្រហាយដល់ ទីក្រុងព្យុងយ៉ាង និងការព្រមានដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam ថាការសម្ញែងសាច់ដុំយោធាបែបនេះអាចនឹងជំរុញឱ្យ មានការសងសឹកដោយប្រើអាវុធនុយក្លេអ៊ែរ។

វត្តមាននាវាមុជទឹកអាមេរិក USS Kentucky កើតមានឡើងចំពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រៀបចំជំនួបជាលើកដំបូង នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នុយក្លេអ៊ែរនៃប្រទេសទាំង២ និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពង្រឹងសមត្ថភាពកំញើញទប់ស្កាត់សង្រ្គាមតាមរយៈការបង្កើន ការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនៅលើឧទ្វីបកូរ៉េ ដូចដែលមានចែងនៅក្នុងសេចក្ដីប្រកាសទីក្រុងវ៉ាស៊ីនតោនព្រមព្រៀងឡើងដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមេសាក៏កន្លងទៅ។

កងទ័ពជើងទឹកអាមេរិកបានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចនៃអាវុធយុទ្ធសាស្ត្រអាមេរិក ដូចជានាវាមុជទឹកអាមេរិក USS Kentucky បានឆ្លុះបញ្ចាំងពីការធានារបស់ សហរដ្ឋអាមេរិកចំពោះកូរ៉េខាងត្បូង លើកិច្ចខិតខំប្រឹងពង្រឹងសមត្ថភាពកំញើញទប់ស្កាត់សង្រ្គាម និងការគំរាមកំហែងពីកូរ៉េខាងជើង។ និយាយមួយបែបទៀត វត្តមាន នាវាមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ក៏អាចត្រូវបានប្រើជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារកូរ៉េខាងត្បូងនៅក្រោមឆត្រនុយក្លេអ៊ែរ ក្នុងករណីមានការវាយប្រហារណាមួយពីទីក្រុងព្យុងយ៉ាង។ ការប្រឹងប្រែងទាំងនេះរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្នុងបរិបទមានការព្រួយបារម្ភកាន់តែច្រើន នៅកូរ៉េខាងត្បូង ពីការប្ដេជ្ញាចិត្ត និងប្រសិទ្ធភាពនៃឆត្រនុយក្លេអ៊ែរអាមេរិក ចំពោះមុខការរីកចម្រើនយ៉ាងឆាប់រហ័សនៃឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

ថាតើគ្រាន់តែការធ្វើទស្សនកិច្ចរបស់នាវាមុជទឹក USS Kentucky អាចត្រូវបានហៅថាជាការពង្រឹងសមត្ថភាពកំញើញទប់ស្កាត់សង្រ្គាមរបស់សហរដ្ឋអាមេរិក បាន យ៉ាងដូចម្ដេច? បើតាមក្រុមអ្នកជំនាញ ជាទូទៅប្រសិទ្ធភាពនៃការកំញើញសត្រូវ គឺអាស្រ័យទៅលើ​ «សមត្ថភាព និងភាពគួរឱ្យទុកចិត្តបាន» របស់ «អ្នកការពារ» ហើយក្នុងករណីនេះគឺ «សហរដ្ឋអាមេរិក» តែម្ដង។ «សមត្ថភាព» គឺចង់សំដៅលើសមត្ថភាពរបស់អ្នកការពារដែលអាចកម្ទេច ឬបង្កការខូចខាតធ្ងន់ធ្ងរដល់សត្រូវ ណាមួយ ដែលហ៊ានបើកការវាយប្រហារលើសម្ព័ន្ធមិត្តរបស់ខ្លួន។ នៅត្រង់នេះ ទាំងសម្ព័ន្ធមិត្ត និងសត្រូវមានការប្រុងប្រយ័ត្នដូចគ្នាលើសមត្ថភាពរបស់ «អ្នកការពារ» ដោយប្រសិនបើពួកគេមើលឃើញពីចន្លោះប្រហោង នោះសម្ព័ន្ធមិត្តអាចនឹងសម្លឹងទៅរកការការពារពីកន្លែងផ្សេង រីឯសត្រូវអាចនឹងមើលឃើញពីឱកាសឈ្លានពាន។

ដើម្បីបង្ហាញពីសមត្ថភាព អ្នកការពារអាចអភិវឌ្ឍកងកម្លាំង ឬសមត្ថភាពយោធាថ្មីៗ កំណត់ទីតាំងនៃកងកម្លាំងរបស់ខ្លួនឡើងវិញ ឬក៏បង្ហើបពីព័ត៌មានពាក់ព័ន្ធនឹង សក្តានុពលនៃកងកម្លាំងរបស់ខ្លួន។ ជាការពិតណាស់ ការចូលចតរបស់នាវាមុជទឹកអាមេរិក USS Kentucky នៅឯកំពង់ផែទីក្រុងប៊ូសាន មិនមែនជាការបង្ហាញពី សមត្ថភាពយោធាថ្មីៗនោះទេ រីឯទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏សុទ្ធតែដឹងរួចទៅហើយថាសហរដ្ឋអាមេរិកមាននាវាមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែរប្រភេទ នេះចំនួន ១៤គ្រឿង ហើយក្នុងមួយគ្រឿងៗប្រដាប់ដោយមីស៊ីលបាលិស្ទីគ Trident II បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២០គ្រាប់។ តែទោះជាបែបនេះក្ដី វត្តមាន របស់នាវាមុជទឹក USS Kentucky វាបានបង្ហាញពីសក្ដានុពលនៃកងកម្លាំងយុទ្ធសាស្ត្រអាមេរិក និងគូសបញ្ជាក់ថាពួកគេបានត្រៀមលក្ខណៈគ្រប់ពេលវេលា ឬអាច និយាយម្យ៉ាងទៀតបានថាសហរដ្ឋអាមេរិកចង់បញ្ជូនសារទៅកាន់កូរ៉េខាងជើង ថា USS Kentucky បានត្រៀមខ្លួនប្រយុទ្ធរួចជាស្រេចមិនថាថ្ងៃមិនថាយប់នោះទេ បើមានការវាយប្រហារណាមួយលើសម្ព័ន្ធមិត្តរបស់ខ្លួន។

លើសពីនេះទៅទៀត ទស្សនកិច្ចរបស់ USS Kentucky ក៏អាចបញ្ជាក់បានដែរថាសហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងនាវាមុជទឹកយុទ្ធសាស្ត្ររបស់ខ្លួន មកកាន់ តំបន់អាស៊ីឦសាន។ ខណៈមីស៊ីលមីស៊ីលបាលិស្ទីគ Trident II អាចវាយប្រហារលើកូរ៉េខាងជើងពីចម្ងាយ ការស្ថិតនៅកៀកក្នុងដែនទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក វានឹងកាន់តែផ្ដល់ភាពងាយស្រួលដល់នាវាមុជទឹកនុយក្លេអ៊ែរនេះអាចធ្វើការឆ្លើយតបកាន់តែលឿនរហ័សទៅទៀត។

បន្ថែមពីលើ«សមត្ថភាព» ជោគជ័យក្នុងការកំញើញសត្រូវ នោះគឺ «ភាពគួរឱ្យទុកចិត្តបាន»។ «ភាពគួរឱ្យទុកចិត្តបាន» ចង់សំដៅទៅលើឆន្ទៈរបស់អ្នកការពារ ក្នុងការ ចាត់វិធានការសងសឹកប្រឆាំងនឹងជនឈ្លានពាន។ ជាការបង្ហាញពីឆន្ទៈក្នុងការប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្ត អ្នកការពារត្រូវតែបង្ហាញឱ្យទាំងសម្ព័ន្ធមិត្ត និងសត្រូវដឹងថា ខ្លួនបានត្រៀមខ្លួនលះបង់គ្រប់យ៉ាង ដើម្បីការពារសម្ព័ន្ធមិត្ត។ ការចូលចតរបស់នាវាមុជទឹក USS Kentucky នៅឯកំពង់ផែទីក្រុងប៊ូសាន គឺសហរដ្ឋអាមេរិកចង់បញ្ជាក់ពី ការប្ដេជ្ញាចិត្តលះបង់ ដើម្បីការពារសម្ព័ន្ធមិត្ត។ កន្លងមក សហរដ្ឋអាមេរិកមានភាពស្ទាក់ស្ទើរ ប្រាប់ឱ្យគេដឹងជាសាធារណៈពីកន្លែងដែលនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន ស្ថិតនៅ ដ្បិតជាលក្ខណៈយុទ្ធសាស្ត្រ នាវាមុជទឹកតែងតែធ្វើប្រតិបត្តិការជាសម្ងាត់ សំដៅបញ្ចៀសកុំឱ្យសត្រូវកំណត់ទីតាំងវាយប្រហារបាន។

នាវាមុជទឹក USS Kentucky ធ្លាប់ធ្វើទស្សនកិច្ចជាសាធារណៈទៅកាន់ដែនដីអាមេរិកនៅឯនាយសមុទ្រ ឬក៏សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតដូចជាចក្រភពអង់គ្លេស តែប៉ុណ្ណោះ។ ដូច្នេះ តាមរយៈការប្រកាសជាសាធារណៈពីដំណើរទស្សនកិច្ចនៃនាវាមុជទឹកនេះទៅកាន់ទីក្រុងប៊ូសាន សហរដ្ឋអាមេរិកមានបំណងប្រាប់ឱ្យគេដឹងថាខ្លួនមានឆន្ទៈ ប្រថុយនឹងគ្រោះថ្នាក់ ដើម្បីការពារកូរ៉េខាងត្បូង៕