(សាំងពេទឺប៊ឺគ)៖ មេដឹកនាំអាហ្វ្រិកនៅថ្ងៃសុក្រសប្តាហ៍នេះ បានដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបន្តផែនការសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូបានលុបចោលកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។
ទោះបីជាពួកមេដឹកនាំអាហ្វ្រិកទាំងនេះ មិនបានរិះគន់រុស្ស៊ីដោយផ្ទាល់ទៅលើការឈ្លានពានអ៊ុយក្រែនក៏ដោយ ក៏អន្តរាគមន៍របស់ពួកគេនៅថ្ងៃទីពីរ នៃកិច្ចប្រជុំកំពូលជាមួយ លោក ពូទីន នាថ្ងៃនេះ គឺជាការរំលឹកយ៉ាងច្បាស់ដល់លោក ពូទីន អំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ទ្វីបអាហ្វ្រិក ចំពោះផលប៉ះពាល់ នៃសង្រ្គាម ជាពិសេសលើតម្លៃស្បៀងអាហារ។
ប្រធានាធិបតីកុងហ្គោ លោក Denis Sassou Nguesso បានប្រាប់ លោក ពូទីន និងមេដឹកនាំអាហ្វ្រិក នៅទីក្រុង St. Petersburg ថា «គំនិតផ្តួចផ្តើមរបស់អាហ្វ្រិក (ផែនការសន្តិភាព) សមនឹងទទួលបានការយកចិត្តទុកដាក់បំផុត ហើយវាមិនគួរត្រូវបានបោះបង់ចោលឡើយ»។ លោកបានថ្លែងតាមរយៈអ្នកបកប្រែថា «យើងកំពុងតែអំពាវនាវជាបន្ទាន់ម្តងទៀត ឲ្យមានការស្ដារសន្តិភាពនៅអឺរ៉ុប»។
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានជំរុញឱ្យរុស្ស៊ីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលទីក្រុងម៉ូស្គូបដិសេធមិនបន្តវាកាលពីសប្តាហ៍មុន។ លោក Sisi បាននិយាយដូច្នេះថា «ចាំបាច់ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ» ដើម្បីធ្វើឱ្យរស់ឡើងវិញនៃកិច្ចព្រមព្រៀងនេះ។
លោក ពូទីន បានឆ្លើយតបថា ការឡើងថ្លៃម្ហូបអាហារពិភពលោក គឺជាលទ្ធផលនៃកំហុសគោលនយោបាយរបស់លោកខាងលិច តាំងពីយូរយារណាស់មកហើយ មុនពេលសង្រ្គាមអ៊ុយក្រែនទៅទៀត។
លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅកាលពីសប្តាហ៍មុន ដោយសារតែកិច្ចព្រមព្រៀងនេះ មិនបាននាំយកស្បៀងអាហារដល់ប្រទេសក្រីក្រពិតប្រាកដឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងមក រុស្ស៊ីបានទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតលើកំពង់ផែ និងឃ្លាំងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យអ៊ុយក្រែន និងលោកខាងលិចចោទប្រកាន់ថា រុស្ស៉ីបានប្រើប្រាស់ស្បៀងអាហារជាចំណាត់ខ្មាំងសង្គ្រាម ខណៈដែលតម្លៃស្បៀងអាហារពិភពលោកបានកើនឡើងម្តងទៀត៕