(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ុយក្រែនមកលើតំបន់ម៉ូស្គូពេញមួយយប់ម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ីបាននិយាយនៅលើបណ្តាញទំនាក់ទំនង Telegram ថា «យន្តហោះដ្រូនត្រូវបានបំផ្លាញដោយប្រព័ន្ធប្រឆាំងយន្តហោះ» ដោយបានបន្ថែមថា មិនមានអ្នកស្លាប់ ឬការខូចខាតទ្រព្យសម្បត្តិនោះទេ។

អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានប្រកាសពីការវាយប្រហារមុននេះ ដោយមិនបានបញ្ជាក់ពីទីកន្លែងច្បាស់លាស់នោះទេ។

ការវាយប្រហារនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ុយក្រែនបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន នៅកណ្តាលទីក្រុងម៉ូស្គូ។ ដ្រូនមួយគ្រឿងបានធ្លាក់នៅជិតក្រសួងការពារជាតិនៅកណ្តាលរដ្ឋធានីរុស្ស៊ីកាលពីថ្ងៃចន្ទ ខណៈដែលមួយគ្រឿងទៀត បានបុកអគារការិយាល័យមួយនៅក្នុងតំបន់ភាគខាងត្បូង។

គួរបញ្ជាក់ថា កាលពីដើមខែឧសភា ដ្រូនពីរគ្រឿងត្រូវបានបាញ់ទម្លាក់ពីលើវិមានក្រឹមឡាំង។ ក្រោយមកនៅខែដដែលនោះ អគារខ្ពស់ៗនៅទីក្រុងម៉ូស្គូ ក៏ត្រូវបានវាយប្រហារដោយដ្រូនជាច្រើនគ្រឿងផងដែរ។ ដោយឡែកកាលពីដើមខែនេះ រុស្ស៊ីបានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៥គ្រឿងបន្ថែមទៀត ដែលរំខានដល់ប្រតិបត្តិការនៅឯអាកាសយានដ្ឋានអន្តរជាតិ Vnukovo របស់ទីក្រុងម៉ូស្គូ៕