(ប៉េកាំង)៖ នារសៀលថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុង Chengdu ខេត្ត Sichuan លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបជាមួយលោកស្រី Iriana ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី ដែលអមដំណើរលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីមកកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក រដូវក្តៅលើកទី ៣១ ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសចិន ។

លោកស្រី Peng Liyuan បានអញ្ជើញលោកស្រី Iriana ឱ្យទៅទស្សនាការសម្តែងសិល្បៈតែចិន និងសំណេះសំណាលជាមួយលោកស្រី Iriana ។ លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិននិងឥណ្ឌូណេស៊ីមានវប្បធម៌ស្រដៀងគ្នា ហើយមានការតភ្ជាប់ដួងចិត្តយ៉ាងល្អ រវាងប្រជាជននិងប្រជាជន។ លោកស្រីសង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកចំណងមិត្តភាពកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រី Iriana បានថ្លែងអំណរគុណចំពោះលោកស្រី Peng Liyuan សម្រាប់ការរៀបចំយ៉ាងយកចិត្តទុកដាក់ ហើយបានវាយតម្លៃខ្ពស់ចំពោះការអភិរក្ស និងការបន្តវេនបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិន។ លោកស្រីបានថ្លែងទៀតថា ដំណើរទស្សនកិច្ចនៅទីក្រុង Chengdu បានធ្វើឱ្យលោកស្រីយល់ដឹង និងស្រឡាញ់កាន់តែស៊ីជម្រៅចំពោះប្រវត្តិសាស្ត្រនិងវប្បធម៌ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន