(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការសម្រេចរបស់សភាក្នុងការកាត់បន្ថយអំណាចតុលាការកំពូល លើសកម្មភាពរបស់រដ្ឋាភិបាល ដែលជាផ្នែកនៃផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការនោះ នឹងមិនប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់អ៉ីស្រាអែលទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងទៅកាន់សារព័ត៌មាន ABC របស់សហរដ្ឋអាមេរិក លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងដូច្នេះថា «វិសោធនកម្មច្បាប់មូលដ្ឋានមួយរបស់អ៉ីស្រាអែល គឺផ្លាស់ប្តូរតិចតួចប៉ុណ្ណោះចំពោះប្រព័ន្ធតុលាការ។ នេះមិនគួរត្រូវបានពិពណ៌នាថា ជាចុងបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យរបស់អ៉ីស្រាអែលទេ ខ្ញុំគិតថាការលើកឡើងបែបនេះវាជារឿងល្ងង់ខ្លៅ»

ដោយឡែក ប្រមុខកងទ័ពអាកាសអ៉ីស្រាអែល លោក ថូមឺ បារ (Tomer Bar) បានព្រមានថា វិបត្តិក្នុងប្រទេសអាចត្រូវបានកេងប្រវ័ញ្ច ដោយសត្រូវរបស់អ៉ីស្រាអែល។ លោក បារ បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «វាអាចទៅរួច ក្នុងពេលមានភាពវឹកវរបែបនេះ ពួកគេនឹងព្យាយាមសាកកម្លាំងនៅតាមព្រំដែន និងភាពប្រុងប្រយ័ត្នរបស់យើង។ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាបន្តទៀត»

គួរបញ្ជាក់ថា ភាពច្របូកច្របល់ផ្លូវច្បាប់អាចកើតមានចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ តែយ៉ាងនេះក្តី នៅពេលតុលាការកំពូល បើកសវនាការលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដែលបានផ្តល់សច្ចាប័នកាលពីខែមីនា នឹងមានកំណត់លក្ខខណ្ឌ សម្រាប់ការដកតំណែងនាយករដ្ឋមន្ត្រី៕