(ស្តុកខុល)៖ នាយករដ្ឋមន្រ្តីស៊ុយអែត លោក អូហ្វ គ្រីស្ទឺសសុន (Ulf Kristersson) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលវិបាក ប្រសិនបើមានបាតុកម្មកាន់តែច្រើនទៅមុខទៀត ចំពេលមានកំហឹងរបស់ប្រជាជនកាន់សាសនាអ៉ីស្លាមលើការដុតគម្ពីគួរអាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។
ការបំផ្លាញគម្ពីគួរអានក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាក បានធ្វើឲ្យប្រជាជនកាន់សាសនាអ៉ីស្លាមជាច្រើនមានការអាក់អន់ចិត្ត។ រដ្ឋាភិបាលស៊ុយអែត កំពុងប្រឈមមុខនឹងការរក្សាតុល្យភាពដ៏លំបាកមួយ ជុំវិញការការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងបញ្ចៀសការប្រមាថចំពោះប្រជាជនកាន់សាសនាអ៉ីស្លាម។
លោក គ្រីស្ទឺសសុន បានប្រាប់ទីភ្នាក់ងារព័ត៌មាន TT របស់ស៊ុយអែត ឲ្យដឹងថា មានសំណើសុំធ្វើបាតុកម្មបន្ថែមទៀត ត្រូវបានដាក់ទៅកាន់ប៉ូលិស ហើយការសម្រេចចិត្តអនុញ្ញាត ឬអត់នោះ គឺអាស្រ័យទៅលើប៉ូលិស។ លោក គ្រីស្ទឺសសុន បានគូសបញ្ជាក់ថា «ប្រសិនបើយើងចេះតែអនុញ្ញាតឲ្យពួកគេធ្វើបាតុកម្ម យើងនឹងប្រឈមមុខនឹងហានិភ័យនៅថ្ងៃណាមួយ។ ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ចំពោះអ្វីដែលវាអាចនាំទៅដល់បញ្ហានោះ»។
គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាដែលខឹងសម្បារចំពោះផែនការដុតគម្ពីគួរអាន បានសម្រុកចូលស្ថានទូតស៊ុយអែត ប្រចាំនៅទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី២០ ខែកក្កដា។ ទាំងដាណឺម៉ាក និងស៊ុយអែត មិនពេញចិត្តចំពោះការដុតគម្ពីគួរអាននោះទេ ប៉ុន្តែមិនអាចទប់ស្កាត់នៅក្រោមច្បាប់ការពារសិទ្ធិបញ្ចេញមតិបានឡើយ៕