(វ៉ាសូវី)៖ រដ្ឋមន្រ្តីមហាផ្ទៃប៉ូឡូញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប៉ូឡូញ លីទុយអានី និងឡេតូនី អាចនឹងសម្រេចចិត្តរួមគ្នា ដើម្បីបិទព្រំប្រទល់របស់ប្រទេសទាំង៣ ជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ីគឺបេឡារុស ប្រសិនបើឧប្បត្តិហេតុធ្ងន់ធ្ងរណាមួយកើតឡើង ពាក់ព័ន្ធក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner នៅតាមបណ្តោយព្រំដែនរបស់ពួកគេ ជាមួយប្រទេសបេឡារុស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីមហាផ្ទៃប៉ូឡូញ លោក ម៉ារីយូស កាមីនស្គី (Mariusz Kaminski) បាននិយាយយ៉ាងដូច្នេះថា «ប្រាកដណាស់ ប្រសិនបើមានឧប្បត្តិហេតុធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងក្រុម Wagner កើតឡើងនៅបណ្តោយព្រំប្រទល់ នៃបណ្តាប្រទេសជាសមាជិករបស់អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ដូចជាប៉ូឡូញ លីទុយអានី ឬឡេតូនី ជាដើមនោះ យើងច្បាស់ជានឹងចាត់វិធានការរួមគ្នាពុំខានឡើយ។ ខ្ញុំមិនបដិសេធនោះទេ នូវលទ្ធភាពដែលពួកយើងនឹងឆ្លើយតប តាមរយៈការបិទខ្ទប់បេឡារុសឱ្យនៅឯកោទាំងស្រុង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ប៉ូឡូញបានសម្រេចផ្លាស់ទីកងអង្គភាពយោធារបស់ខ្លួន ទៅប្រមូលផ្តុំនៅភាគខាងកើតប្រទេស បន្ទាប់ពីក្រុម Wagner បានចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងពិសេសរបស់បេឡារុស នៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់របស់ប៉ូឡូញ។ ២ថ្ងៃក្រោយ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ក៏បានចោទប្រកាន់ថា ប៉ូឡូញមានមហិច្ឆតាចង់បានទឹកដីបេឡារុស ដែលធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀត ហើយលោកបានព្រមានថា ទង្វើឈ្លានពានក្នុងទម្រង់ណាមួយ ប្រឆាំងលើបេឡារុស នឹងត្រូវចាត់ទុកជាការវាយប្រហារលើរុស្ស៉ីតែម្តង។
គួរបញ្ជាក់ថា ប៉ូឡូញគឺជាកន្លែងជ្រកកោនដ៏សំខាន់ នៃក្រុមអ្នកនយោបាយដែលប្រឆាំងប្រធានាធិបតីបេឡារុស លោក អាឡិចសាដឺ លូកាសិនកូ (Alexander Lukashenko) ហើយទីក្រុងវ៉ាសូវីក៏ជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់ទីក្រុងកៀវផងដែរ គិតចាប់តាំងពីរុស្ស៉ីបានចូលឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២មក៕