(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុង Doksuri បានធ្វើដំណើរទៅដល់ខេត្តហ្វូជាន (Fujian) ភាគអាគ្នេយ៍ប្រទេសចិន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ដែលបានធ្វើឱ្យដាច់ឆេះបណ្តាញខ្សែអគ្គិសនី ផ្តួលរំលំដើមឈើ និងបង្ខំឱ្យសាលារៀន ហាងទំនិញ ក៏ដូចជារោងចក្រជាច្រើន ត្រូវបិទទ្វារជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។
វាជាព្យុះទីហ្វុងខ្លាំងក្លាបំផុតទី២ ដែលបានបោកបក់លើខេត្ត Fujian ក្រោយការវាយប្រហារនៃព្យុះទីហ្វុងដ៏ប្រល័យ មេរ៉ាន់ទី (Meranti) កាលពីឆ្នាំ២០១៦ និងជាព្យុះទីហ្វុងទី២ ដែលបានវាយប្រហារទៅលើប្រទេសចិន គិតនៅក្នុងរយៈពេលមិនដល់ពីរសប្តាហ៍។ ទីក្រុងដូចជា សៀម៉ិន (Xiamen) ក្វាងចូវ (Quanzhou) និងពូធាន (Putian) ជាដើម បានមើលឃើញកម្រិតទឹកភ្លៀងធ្លាក់ក្នុងមួយម៉ោងលើសពី ៥០មីលីម៉ែត្រ។
នៅ Xiamen ចរាចរណ៍តាមដងផ្លូវ មានសភាពស្ងប់ស្ងាត់ ហើយរោងចក្រនិងផ្សារទំនើប ត្រូវបានបិទទ្វារ។ ទន្ទឹមគ្នា វីដេអូនៅលើបណ្តាញសង្គម ក៏បានបង្ហាញឱ្យឃើញ ខ្សែបណ្តាញអគ្គិសនី ត្រូវដាច់ផ្ទុះឆេះផងដែរ នៅពេលខ្យល់កន្ត្រាក់បោកបក់លើទីក្រុងជីនជាំង (Jinjiang) ដែលមានមនុស្សរស់នៅ២លាននាក់ ខណៈនៅ Quanzhou ដើមឈើធំៗបានដួលរលំ។ នៅទីក្រុង Jinjiang និង Quanzhou ការផ្គត់ផ្គង់ថាមពលនិងទឹក នៅកន្លែងមួយចំនួន ក៏ត្រូវបានកាត់ផ្តាច់ផងដែរ។
គួរបញ្ជាក់ថា មុនទៅដល់ប្រទេសចិន ព្យុះ Doksuri បានធ្វើដំណើរឆ្លងកាត់ក្បែរភាគខាងត្បូងកោះតៃវ៉ាន់ និងភាគខាងជើងហ្វីលីពីន។ វាបានកាត់ផ្តាច់ថាមពល សម្រាប់លំនៅឋានជាង ២៧៨,៩៩៩ខ្នង និងផ្តួលរំលំដើមឈើនៅតៃវ៉ាន់ ហើយជើងហោះហើរនិងសេវារថភ្លើង ក៏បានរងការរំខានថែមទៀតផង។ រីឯនៅហ្វីលីពីន ព្យុះទីហ្វុងនេះបានសម្លាប់មនុស្ស សរុបយ៉ាងហោចជាង៣០នាក់ បើរាប់ទាំងករណីលិចទូក នៅបឹងក្បែរទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ ដែលកើតឡើងអំលុងខ្យល់បោកបក់ខ្លាំង៕