(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយថា លោកមានទំនុកចិត្តថាកិច្ចព្រមព្រៀងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក មកឲ្យអូស្រ្តាលីគឺស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវមួយ មុនពេលរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរត្រូវជួបគ្នា នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន ២៥រូបបានប្រាប់លោក បៃដិន ថាការលក់នាវាមុជទឹកនុយក្លេអ៊ែរចំនួន ៣គ្រឿងទៅឲ្យអូស្រ្តាលីក្រោមភាពជាដៃគូនៃកិច្ចព្រមព្រៀង AUKUS នឹងធ្វើឲ្យកងនាចរណ៍អាមេរិកចុះខ្សោយ ប្រសិនបើមិនមែនផែនការច្បាស់លាស់ក្នុងការបំពាក់អាវុធផ្សេងមកជំនួស ចំពោះមុខការព្រួយបារម្ភអំពីការរីកចម្រើនផ្នែកយោធារបស់ចិន។

នៅពេលត្រូវបានសួរអំពីមតិយោបល់របស់សមាជិកសភាបក្សសាធារណរដ្ឋ លោក អាល់បានីស បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង ហើយបាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក គឺលោក ឡយ អូស្ទីន (Lloyd Austin) កាលពីយប់មិញ (ម៉ោងក្នុងតំបន់) ថាកិច្ចព្រមព្រៀង AUKUS គឺមានសារៈសំខាន់ ប៉ុន្តែមិនគួរធ្វើឲ្យកងនាវាអាមេរិកចុះខ្សោយនោះទេ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិ លោក ឡយ អូស្ទីន (Lloyd Austin) កំពុងស្ថិតនៅក្នុងរដ្ឋឃ្វីនស៍លែន (Queensland) នៃប្រទេសអូស្រ្តាលី សម្រាប់កិច្ចសន្ទនាប្រចាំឆ្នាំរបស់ពួកគេ ដែលផ្តោតលើវឌ្ឍនភាពនៃកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ កត្តាសន្តិសុខក្នុងតំបន់ និងថាមពលស្អាត៕