(តូក្យូ)៖ ជប៉ុន នៅថ្ងៃសុក្រនេះ បាននិយាយថាកូរ៉េខាងជើងបាន និងកំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរបំផុតដល់សន្តិសុខជាតិរបស់ខ្លួន ខ្លាំងជាងពេលណាៗ ទាំងអស់ ខណៈទីក្រុងព្យុងយ៉ាង បានបង្កើនការធ្វើតេស្ដមីស៊ីល និងវោហាសាស្ត្រសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុង «សៀវភៅស» ប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការពារជាតិជប៉ុនបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើនកញ្ចប់ថវិកាយោធា ក្នុងបរិបទដែលពិភពលោក បានឈានចូលយុគសម័យថ្មីមួយនៃវិបត្តិ។ ខណៈសៀវភៅសនេះ ផ្ដោតជាសំខាន់លើអំណាចយោធាចិនកាន់តែធំនៅក្នុងតំបន់ និងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន កូរ៉េខាងជើងក៏ត្រូវបានចាត់ទុកជាក្ដីកង្វល់មួយដ៏ធំរបស់ជប៉ុនផងដែរ។

សៀវសនេះដដែល បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពយោធារបស់កូរ៉េខាងជើង បាន និងកំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរ និងបន្ទាន់បំផុតជាងពេលណា ៗទាំងអស់ ដល់សន្តិសុខជាតិជប៉ុន...កូរ៉េខាងជើងមានសមត្ថភាពវាយប្រហារលើជប៉ុន ដោយប្រើមីស៊ីលបាលិស្ទីគបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ»

គួរបញ្ជាក់ថា «សៀវភៅស» ខាងលើដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនៃនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា នៅព្រឹកថ្ងៃសុក្រនេះ កើតមានឡើង ចំពេលកូរ៉េខាងជើងកំពុងបង្កើនការធ្វើតេស្ដមីស៊ីលកាន់តែញឹកញាប់ឡើង។ កាលពីចុងឆ្នាំ២០២២ រដ្ឋាភិបាលលោក គីស៊ីដា បានអនុម័តលើផែនការបង្កើន កញ្ចប់ថវិកាយោធាដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមឆ្នាំសារពើពន្ធ ២០២៧ ឬស្មើនឹងជាង ៧៨.៧ពាន់លានដុល្លារ៕