(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក២រូប បាននិយាយថាសហរដ្ឋអាមេរិក ត្រូវបានរពឹងថានឹងប្រកាសពីការផ្ដល់ជំនួយយោធាទំហំជាង ៣០០លានដុល្លារ សម្រាប់តៃវ៉ាន់ក្នុងពេលឆាប់ៗ ខណៈការធ្វើបែបនេះនឹងបង្កភាពក្ដៅក្រហាយដល់ចិន ដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអាមេរិក ២រូបនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាកញ្ចប់ជំនួយយោធាខាងលើអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) និងធ្វើឡើងបន្ទាប់ពីសភាទាំង២របស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន ផ្ដល់ជំនួយទំហំជាង ១ពាន់លានដុល្លារសម្រាប់ តៃវ៉ាន់ ក្រោមក្រខណ្ឌនៃកញ្ចប់ថវិកាឆ្នាំ២០២៣ តាមរយៈសិទ្ធិអំណាចរបស់ប្រធានាធិបតី (Presidential Drawdown Authority)។

គួរបញ្ជាក់ថា បើតាមមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំង២ កញ្ចប់ជំនួយយោធាសម្រាប់តៃវ៉ាន់ អាចនឹងមានទំហំ ៣៣០លានដុល្លារ។ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ខណៈការប្រកាសជាផ្លូវការនឹងមិនត្រូវរួមបញ្ចូលព័ត៌មានលម្អិតពីបញ្ជីប្រព័ន្ធអាវុធដែលត្រូវផ្ដល់ឱ្យទីក្រុងតៃប៉ិឡើយ។ ប៉ុន្តែកាលពីសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ជាច្រើនថា កញ្ចប់អាវុធនេះអាចនឹងមានបញ្ចូលយន្ដហោះដ្រូនស៊ើបការណ៍ MQ-9A ចំនួន៤គ្រឿង៕