(ក្រុងកៀវ)៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើង នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមន្ត្រីលោកខាងលិចបាននិយាយថា ទីក្រុងកៀវបានបើកការវាយបកដ៏ធំសម្បើមនៅទីនោះ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានទទួលស្គាល់ផងដែរថា «នៅទីនោះពិតមានអរិភាពបានកើនឡើងយ៉ាងខ្លាំង »។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។
ការប្រយុទ្ធគ្នាបានកើតឡើងនៅចំណុចជាច្រើននៅតាមបណ្តោយជួរមុខប្រវែង ១,៥០០គីឡូម៉ែត្រ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ៊ុយក្រែនបានបើកការវាយលុកប្រឆាំង នឹងកងកម្លាំងរុស្ស៊ីដែលបានលុកលុយកាលពី ១៧ខែមុន ដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។
លោក ពូទីន បានសរសើរ «វីរភាព» របស់ទាហានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅតំបន់ Zaporozhye ភាគអាគ្នេយ៍ ដោយអះអាងថា កងទ័ពរបស់ទីក្រុងម៉ូស្គូ មិនត្រឹមតែបំផ្លាញសម្ភារៈយោធារបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កងទ័ពរបស់ទីក្រុងកៀវផងដែរ។
លោកបានទទូចថា ការវាយលុករបស់អ៊ុយក្រែនក្នុងតំបន់នេះគឺ «មិនទទួលបានជោគជ័យទេ» បើទោះជារបាយការណ៍របស់លោកមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យក៏ដោយ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់តំបន់ Zaporozhye ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នេះបើយោងតាមមន្ត្រីលោកខាងលិចម្នាក់ ដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហានេះ។
មន្ត្រីអ៊ុយក្រែនភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់ចំពោះការវិវឌ្ឍលើសមរភូមិ ចាប់តាំងពីការវាយលុកដំបូងបានចាប់ផ្តើម ទោះបីជាអនុរដ្ឋមន្ត្រីការពារជាតិ លោក Hannah Malyar បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងឆ្ពោះទៅកាន់ទីក្រុង Melitopol ក្នុងតំបន់ Zaporoshgia ក៏ដោយ៕