(បាងកក)៖ សភាថៃគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី៤ ខែសីហា ដើម្បីព្យាយាមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីម្តងទៀត នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) ខណៈដែលភាពជាប់គាំងនយោបាយនៅតែអូសបន្លាយ បន្ទាប់ពីការបោះឆ្នោតជាតិក្នុងខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

គណបក្ស Move Forward ដែលទទួលបានសំឡេងភាគច្រើន ធ្លាប់បានព្យាយាមពីរដងរួចមកហើយ ដើម្បីយកមេដឹកនាំរបស់ខ្លួន គឺលោក Pita Limjaroenrat ឱ្យជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ប៉ុន្តែការប៉ុនប៉ងទាំងពីរដងនោះ ត្រូវបានរារាំងដោយសមាជិកសភាអភិរក្សនិយម និងសមាជិកដែលត្រូវបានតែងតាំងដោយក្រុមយោធា។

គណបក្សភឿថៃ ដែលជាគណបក្សជាប់លំដាប់ទីពីរ នៅក្នុងការបោះឆ្នោតជាតិកាលពីខែឧសភា គឺជាបក្សមួយក្នុងចំណោមគណបក្សចម្រុះចំនួន៨ ដែលដឹកនាំដោយគណបក្ស Move Forward ហើយត្រូវបានគេរំពឹងថា នឹងដាក់បេក្ខភាពរបស់ខ្លួនឱ្យចូលរួមប្រកួតប្រជែងលើកក្រោយ សម្រាប់តំណែងនាយករដ្ឋមន្ត្រី។

ឯកសាររបស់សភាដែលរៀបរាប់អំពីរបៀបវារៈបានឱ្យដឹងថា នៅថ្ងៃទី៤ ខែសីហា សភានឹង «ពិចារណា និងអនុម័តបេក្ខភាពសមរម្យម្នាក់ សម្រាប់តំណែងនាយករដ្ឋមន្ត្រី»។

ទោះយ៉ាងណា ប្រធានសភា លោក Wan Muhamad Noor បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសភា មុនពេលរបៀបវារៈនេះត្រូវបានចេញផ្សាយថា ការបោះឆ្នោតអាចត្រូវបានពន្យារពេល ដោយសារពួកគេកំពុងរង់ចាំតុលាការពិនិត្យមើលសេចក្តីសម្រេចមុននេះ។

នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ តុលាការធម្មនុញ្ញថៃនឹងពិនិត្យញត្តិលើសេចក្តីសម្រេចមួយនៅដើមខែនេះ ដើម្បីរារាំងបេក្ខភាពរបស់ លោក Pita សម្រាប់តំណែងកំពូលជានាយករដ្ឋមន្ត្រីថៃ។ ទាក់ទងនឹងបញ្ហានេះដែរ ប្រធានសភាថៃបាននិយាយថា ប្រសិនបើតុលាការទទួលយកញត្តិនោះ ការបោះឆ្នោតសភានៅថ្ងៃបន្ទាប់នឹងត្រូវពន្យារពេល៕