(ទុយនីស៊ី)៖ អ្នកនាំពាក្យរបស់ឆ្មាំជាតិបានប្រាប់ទីភ្នាក់ងារ AFP នៅថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) នេះថា ជនអន្តោប្រវេសន៍ប្រមាណ ៨០០នាក់បានលង់ទឹកស្លាប់នៅច្រាំងសមុទ្រ នៃប្រទេសទុយនីស៊ីក្នុងឆមាសទីមួយនៃឆ្នាំនេះ ខណៈពួកគេព្យាយាមទៅដល់អឺរ៉ុបតាមទូក។

លោក Hakim Eddine Jebabli បាននិយាយថា «សាកសពជនអន្តោប្រវេសន៍ចំនួន ៧៨៩នាក់ត្រូវបានស្រង់ចេញពីសមុទ្រ ក្នុងនោះរួមមានទាំងជនជាតិទុយនីស៊ី ១០២នាក់ ហើយអ្នកផ្សេងទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយបន្ថែមថា ជនអន្តោប្រវេសន៍ជាង ៣៤,០០០នាក់ត្រូវបានជួយសង្គ្រោះ។

ប្រទេសអាហ្រ្វិកខាងជើងបានក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ និងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលព្យាយាម ធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់តាមទូកតូចៗ ជាមួយក្តីសង្ឈឹមថានឹងមានជីវិតប្រសើរឡើងនៅអឺរ៉ុប។

ចម្ងាយរវាងប្រទេសទុយនីស៊ី និងកោះ Lampedusa របស់អ៊ីតាលី គឺមានប្រហែល ១៣០គីឡូម៉ែត្រ ហើយការធ្វើដំណើរតាមសមុទ្រកើនឡើងនៅរដូវក្តៅ។

លោក Jebabli បាននិយាយថា ជនចំណាកស្រុកសរុបចំនួន ៣៤,២៩០នាក់ ត្រូវបានស្ទាក់ចាប់ និងជួយសង្គ្រោះនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែមិថុនា កើនឡើងយ៉ាងខ្លាំងពីចំនួន ៩,២១៧នាក់ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែករដ្ឋាភិបាលអ៊ីតាលីបាននិយាយថា មនុស្សជាង ៨០,០០០នាក់ បានឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដើម្បីទៅដល់ច្រាំងសមុទ្ររបស់ខ្លួននៅឆ្នាំនេះ ដែលភាគច្រើនមកពីទុយនីស៊ី និងលីប៊ីដែលហែកហួរដោយសង្រ្គាម។

មេឌីទែរ៉ាណេកណ្តាលបានក្លាយជាផ្លូវធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ដោយបានឆក់យកជីវិតមនុស្សជាង ២០,០០០នាក់ចាប់តាំងពីឆ្នាំ២០១៤មក នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ៕