(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៧ នៃគណៈកម្មាធិការសវនកម្មរបស់ អង្គការសហប្រជាជាតិបានបើកធ្វើនៅទីចាត់ការទូទៅ នៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមអធិបតីភាពរបស់លោក Hou Kai ប្រធានគណៈកម្មាធិការសវនកម្មអង្គការសហប្រជាជាតិ និងជាអគ្គសវនករនៃអាជ្ញាធរសវនកម្មចិន។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សានិងអនុម័តរបាយការណ៍សវនកម្មចំនួន ២១ ច្បាប់ស្តីពីទីភ្នាក់ងារនិងគម្រោងពាក់ព័ន្ធរបស់ អង្គការសហប្រជាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២២។ ក្នុងអំឡុងពេលកិច្ចប្រជុំ សមាជិកគ្រប់រូបនៃគណៈកម្មាធិការសវនកម្ម បានជួបពិភាក្សាការងារជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងបានផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាសំខាន់ៗដែលត្រូវបានរកឃើញនៅក្នុងការងារសវនកម្ម របស់អង្គការសហប្រជាជាតិក្នុងឆ្នាំសារពើពន្ធ ២០២២ ក៏ដូចជាការងារអាទិភាពនិងបញ្ហាប្រឈម របស់អង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ន។

លោក Hou Kai បានសង្កត់ធ្ងន់ថា គណៈកម្មាធិការសវនកម្មនឹងបំពេញភារកិច្ចសវនកម្ម របស់ខ្លួនឯងយ៉ាងផ្ចិតផ្ចង់ ដើម្បីរួមគ្នាជំរុញការសម្រេចរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ លោក Guterres បានសម្តែងការកោតសរសើរចំពោះគណៈកម្មាធិការសវនកម្ម ដែលបានដើរតួនាទីសំខាន់ក្នុងការជួយ អង្គការសហប្រជាជាតិកែលម្អការងារគ្រប់គ្រង ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង និងកែលម្អអភិបាលកិច្ច ព្រមនិងសម្គាល់ឃើញថា បញ្ហាដែលបានរកឃើញនៅក្នុងការងារសវនកម្មវាមានសារៈសំខាន់ខ្លាំងណាស់ ហើយសំណើខាងសវនកម្មដែលបានដាក់ចេញ ក៏មានសារៈសំខាន់ខ្លាំងដែរ។ លោកថ្លែងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការសវនកម្ម កែតម្រូវយ៉ាងសកម្មនូវបញ្ហាដែលត្រូវបានរកឃើញនៅក្នុងការងារសវនកម្ម ព្រមនិងគាំទ្រដោយពេញទំហឹងដល់គណៈកម្មាធិការសវនកម្ម ដើម្បីបំពេញភារកិច្ចនិងបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង៕

វិទ្យុមិត្តភាពកម្ពុជាចិន