(ប៉ារីស)៖ ប្រធានាធិបតីបារំាង លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានព្រមានប្រឆាំងទៅនឹង «ចក្រពត្តិនិយមថ្មី» ក្នុងតំបន់ប៉ាស៉ីហ្វិក អំឡុងពេលបំពេញទស្សនកិច្ចដ៏សំខាន់មួយនៅទីនោះ ដោយលើកឡើងពីអាកប្បកិរិយា របស់ប្រទេសមហាអំណាច ក្នុងតំបន់ដែលចិនបាននឹងកំពុងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្ដដា ឆ្នាំ២០២៣។

ថ្លែងសុន្ទរថាក្នុងប្រទេសដីកោះវ៉ានូអាទូ លោក ម៉ាក្រុង ដែលជាប្រធានាធិបតីបារាំងដំបូងគេជាន់ដីនៃតំបន់ប៉ាស៉ីហ្វិក ចាប់តាំងពីមេដឹកនាំសង្រ្គាម លោក សាល់ ដឺហ្គោល (Charles de Gaulle) បាននិយាយថា បារាំង នឹងប្រកៀកស្មាគ្នាជាមួយប្រទេសនៅក្នុងតំបន់នេះ ដើម្បីការពារឯករាជ្យភាពរបស់ពួកគេ។

ដោយមិនបញ្ជាក់ឈ្មោះប្រទេស លោក ម៉ាក្រុង បានគូសបញ្ជាក់ថា «មានប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក ជាពិសេសនៃទ្វីបអូសេអានី ចក្រពត្តិនិយមថ្មីបានលេចត្រដែតឡើង ហើយអំណាចគាបសង្កត់កំពុងគំរាមកំហែង អធិបតេយ្យភាពនៃប្រទេសជាច្រើន ដែលតូចជាងគេ និងងាយគ្រោះថ្នាក់»។ លោក ម៉ាក្រុង បានបន្ថែមថា «ពិភពលោកដ៏ទំនើបកំពុងអង្រួនអធិបតេយ្យភាព និងឯករាជ្យភាពរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចជាសកម្មភាពរបស់ប្រទេសមហាអំណាច វត្តមានកប៉ាល់នេសាទបរទេសខុសច្បាប់ និងការផ្តល់ប្រាក់កម្ចីជាច្រើនក្រោមលក្ខខណ្ឌនៃការអភិវឌ្ឍសម្រាប់តំបន់នោះ»

គួរបញ្ជាក់ថា បណ្តាប្រទេសនៅដីកោះក្នុងតំបន់ប៉ាស៉ីហ្វិក កំពុងទទួលបានប្រាក់កម្ចីផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីចិន ដូចជាការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយសូឡូម៉ុន ខណៈសហរដ្ឋអាមេរិក ក៏បានបើកស្ថានទូតរបស់ឡើងវិញផងដែរ៕