(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ​ បៃដិន ត្រូវទទួលជួបនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី ចចជៀ ម៉េឡូនី (Giorgia Meloni) នៅសេតវិមាននាថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅអាមេរិក) ដោយសង្គ្រាមអ៊ុយក្រែន និងទំនាក់ទំនងរបស់អ៉ីតាលីជាមួយចិន ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមរបៀបវារៈកំពូល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។

គេរំពឹងថា លោកស្រី ម៉េឡូនី ក៏នឹងជួបប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវីន ម៉ាកខេធី (Kevin McCarthy) នៅថ្ងៃព្រហស្បតិ៍ផងដែរ។ បើតាមអ្នកនាំពាក្យសេតវិមាន លោក បៃដិន មានទំនាក់ទំនងល្អជាមួយ លោកស្រី ម៉េឡូនី ហើយភាគីទាំងពីរនឹងយកឱកាសនោះ ដើម្បីបញ្ជាក់ឡើងវិញនូវភាពជាដៃគូដ៏រឹងមាំរវាងប្រទេសនានា ដែលក្នុងនោះរួមមានថវិកា ជាងរាប់ពាន់លានដុល្លារក្នុងវិស័យយោធា និងជំនួយផ្សេងទៀតដែលលោកខាងលិច បានផ្តល់ឲ្យអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២២មក។

ដោយឡែក ការិយាល័យរបស់លោកស្រី ម៉េឡូនី បានឲ្យដឹងថា អ៉ីតាលីគ្រោងនឹងពិភាក្សាជាមួយសហរដ្ឋអាមេរិក អំពីវិធីគាំទ្រដល់ការអភិវឌ្ឍន៍ និងស្ថិរភាពនៃទ្វីបអាហ្រ្វិក ដែលស្ថិតក្នុងចំណោមប្រធានបទសំខាន់នៃតំណែងជាប្រធាន G7 របស់អ៉ីតាលី។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជាស្ត្រីទីមួយរបស់អ៉ីតាលីរូបនេះ កំពុងស្វែងរកតួនាទីនៅលើឆាកអន្តរជាតិ ខណៈដែលអ៉ីតាលីមានផែនការធ្វើជាប្រធាន G7 នៅឆ្នាំ២០២៤។ ដំណើរលើកដំបូងរបស់ លោកស្រី ម៉េឡូនី នៅទីក្រុងវ៉ាស៉ីនតោន ត្រូវប្រឈមមុខនឹងការសម្រេចចិត្ត ក្នុងការរក្សាសមាជិកភាពរបស់អ៉ីតាលីនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង៕