(ជីស៉ីណូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រទេសម៉ុលដាវីបានប្រកាស ពីការសម្រេចចិត្តកាត់បន្ថយចំនួនអ្នកការទូតរុស្ស៉ី ដែលមានវត្តមាននៅក្នុងរដ្ឋធានីជីស៉ីណូរបស់ខ្លួន ក្រោមហេតុផលនៃការប្រព្រឹត្តសកម្មភាពអមិត្តជាច្រើនឆ្នាំមកហើយ ដោយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការបរទេសម៉ុលដាវី លោក នីគូ ប៉ូប៉េស្គូ (NicuPopescu) បាននិយាយយ៉ាងដូច្នេះថា «យើងបានយល់ស្របគ្នាលើភាពចាំបាច់ ដើម្បីដាក់កំហិតលើចំនួនអ្នកការទូតរុស្ស៉ី ដែលមានការទទួលស្គាល់ក្នុងប្រទេសយើង ដើម្បីកាត់បន្ថយចំនួនបុគ្គលដែលប៉ុនប៉ងព្យាយាម បង្កអស្ថិរភាពចំពោះសាធារណរដ្ឋម៉ុលដាវី។ ច្រើនឆ្នាំមកហើយ យើងបានទទួលរង ការអនុវត្តសកម្មភាពនិងគោលនយោបាយអរិភាពរបស់រុស្ស៉ី ហើយភាគច្រើននៃសកម្មភាពទាំងនោះ គឺត្រូវបានធ្វើឡើងតាមរយៈស្ថានទូត»។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ុលដាវី បុគ្គលិកស្ថានទូតរុស្ស៉ី នឹងត្រូវកាត់ពីជាង៨០នាក់ មកនៅត្រឹម ២៥នាក់ប៉ុណ្ណោះ ដើម្បីឱ្យប្រហាក់ប្រហែលគ្នាជាមួយនឹង ទំហំបេសកកម្មការទូតរបស់ម៉ុលដាវី នៅឯទីក្រុងមូស្គូ។ ម៉ុលដាវីបានទុកពេលវេលាឱ្យរុស្ស៉ីដល់ត្រឹមថ្ងៃទី១៥ ខែសីហា ដើម្បីអនុវត្តការសម្រេចនេះ។ ក្នុងចំណោមបុគ្គលិកទូតរុស្ស៉ី ដែលត្រូវបណ្តេញចេញ គឺ៤៥នាក់ជាអ្នកការទូត។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងម៉ុលដាវី ដែលពីមុនមកធ្លាប់ជាផ្នែកនៃសហភាពសូវៀត ហើយបច្ចុប្បន្នមានព្រំប្រទល់ជាប់អ៊ុយក្រែន បានធ្លាក់ចុះដល់កម្រិតដ៏ទាបថ្មីមួយទៀត បន្ទាប់ពីប្រធានាធិបតីនៃប្រទេសអឺរ៉ុបខាងកើតមួយនេះ គឺលោកស្រី ម៉ាយ៉ សានឌូ (Maia Sandu) បានថ្កោលទោសធ្ងន់ៗ លើការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយបានចោទថា រុស្ស៉ីមានផែនការផ្តួលរំលំរដ្ឋាភិបាលលោកស្រី។ ក្រុមឧទ្ទាមបំបែករដ្ឋ ដែលកំពុងកាន់កាប់នៅតំបន់ផ្តាច់ខ្លួន ត្រេនីស្ទ្រៀ (Transnistria) នៃប្រទេសម៉ុលដាវី គឺមានការគាំទ្រពីរុស្ស៉ី៕