(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកបានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់បទបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក ចាប់ផ្តើមចែករំលែកភស្តុតាងពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។
កន្លងមកនេះ ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋ បានចោទប្រកាន់ថា ក្រសួងការពារជាតិអាមេរិក បានបង្អាក់ដំណើរការព្យាយាមដាក់ទោសចំពោះ រុស្ស៉ីពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាម តាមរយៈការរារាំងការចែករំលែកព័ត៌មានសម្ងាត់យោធារបស់សហរដ្ឋអាមេរិក ជាមួយតុលាការ ICC។ អាជ្ញាធររបស់អ៊ុយក្រែនផ្ទាល់ និងអាជ្ញាធររបស់លោកខាងលិច អះអាងថា ពិតជាមានភស្តុតាងនៃអំពើឃាតកម្ម ការប្រហារជីវិត ការបាញ់ផ្លោងលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ការចាប់បង្ខំប្រជាជនអ៊ុយក្រែនចេញពីប្រទេស ការចាប់ពង្រាត់កុមារ ការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ និងការឃុំឃាំងដោយខុសច្បាប់ ជាដើម។
គួរបញ្ជាក់ថា រុស្ស៉ីដែលមិនមែនជាសមាជិករបស់ ICC បានច្រានចោលយុត្តាធិការរបស់តុលាការអន្តរជាតិមួយនេះ ហើយបានបដិសេធថា កងកម្លាំងរបស់ខ្លួន មិនបានប្រព្រឹត្តអំពើឃោរឃៅទាំងឡាយ អំលុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ដូចការចោទប្រកាន់ឡើយ។ ចំណែកសហរដ្ឋអាមេរិក ក៏មិនមែនជាសមាជិករបស់ ICC ដែរ។ កាលពីខែមីនា ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន ថែមទៀតផង៕