(ស៉ីដនី)៖ ក្រុមហ៊ុនការពារជាតិធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ហានវ៉ា អ៊ែរ៉ូស្ពេស (Hanwha Aerospace) នៅថ្ងៃព្រហស្បតិ៍នេះ បានយកឈ្នះក្រុមហ៊ុន រ៉ែនមេតាល់ (Rheinmetall) របស់អាល្លឺម៉ង់ ក្នុងការទទួលបានកិច្ចសន្យាពីប្រទេសអូស្រ្តាលី ដែលមានទំហំទឹកប្រាក់រហូតដល់៧ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង៤.៧៤ពាន់លានដុល្លារអាមេរិក សម្រាប់ការផលិតរថពាសដែកចំនួន១២៩គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។
រថពាសដែកខាងលើ នឹងត្រូវផលិតនៅអូស្រ្តាលីផ្ទាល់ គឺនៅឯរោងចក្ររបស់ក្រុមហ៊ុន Hanwha ក្នុងរដ្ឋវិចតូរៀ (Victoria)។ ពួកវានឹងត្រូវជំនួសរថពាសដែក M113 ដែលអូស្រ្តាលីបានប្រើប្រាស់ចាប់តាំងតែពីឆ្នាំ១៩៦៤មក។ រដ្ឋមន្រ្តីឧស្សាហកម្មការពារជាតិរបស់អូស្រ្តាលី លោក ភែត ខូនរ៉យ (Pat Conroy) បាននិយាយថា រដ្ឋាភិបាលនឹងពន្លឿនដំណើរការនៃការផលិតពួកវា ដើម្បីអាចចាប់ផ្តើមទទួលបានរថពាសដែកដំបូង នៅខ្ទង់ដើមឆ្នាំ២០២៧ គឺ២ឆ្នាំលឿនជាងការគ្រោងទុកកន្លងមក ហើយទទួលបានរថពាសដែកគ្រឿងចុងក្រោយ នៅឆ្នាំ២០២៨។
ការសម្រេចចិត្តជ្រើសរើសយក រថពាសដែក Redback របស់ក្រុមហ៊ុន Hanwha ធ្វើជារថពាសដែកថ្មី សម្រាប់ដឹកកងទ័ពនិងអាចប្រយុទ្ធបានរបស់ប្រទេសអូស្រ្តាលី កើតមានឡើងនៅរយៈពេល២សប្តាហ៍ បន្ទាប់ពីការធ្វើទស្សនកិច្ចដោយ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) ទៅកាន់ប្រទេសអាល្លឺម់ង់ ជាទីដែលរូបលោកបានចុះកិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីនាំចេញរថពាសដែក Boxer ចំនួន១០០គ្រឿង ដែលផលិតនៅអូស្រ្តាលី ដោយក្រុមហ៊ុន Rheinmetall ត្រឡប់ទៅកាន់អាល្លឺម៉ង់វិញ៕