(ព័រម៉ូរេសប៊ី)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយនាថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងវ៉ាស៉ីនតោនមិនមែនកំពុងព្យាយាមស្វែងរក ការបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ នៅក្នុងប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ (PNG) នៃតំបន់មហាសមុទ្រប៉ាស៉ីហ្វិក នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានថ្លែងដូចខាងលើ ខណៈដែលរូបលោកកំពុងបំពេញទស្សនកិច្ច នៅប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ។ លោក អូស្ទីន បានជួបជាមួយនាយករដ្ឋមន្រ្តី PNG គឺលោក ជែម ម៉ារ៉ាប៉េ (James Marape) ដើម្បីពិភាក្សាអំពីការធ្វើឱ្យទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ មានភាពស៉ីជម្រៅជាងមុន។
លោក អូស្ទីន បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ជាថ្មីថា ពួកយើងមិនមែនកំពុងព្យាយាមបង្កើតមូលដ្ឋានអចិន្រ្តៃយ៍នៅ PNG ឡើយ»។ លោកប្រមុខការពារជាតិអាមេរិកបានបន្តថា ប្រទេសទាំងពីរកំពុងព្យាយាមពង្រឹងទំនាក់ទំនងការពារជាតិដែលមានស្រាប់ ហើយអាមេរិកនឹងជួយធ្វើទំនើបកម្ម កងកម្លាំងការពារជាតិរបស់ PNG ព្រមទាំងបង្កើនសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា។
កាលពីខែឧសភា ឆ្នាំនេះ សហរដ្ឋអាមេរិក និង PNG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ដែលកំណត់ក្របខណ្ឌសម្រាប់ឱ្យ សហរដ្ឋអាមេរិកជួយកែលម្អកំពង់ផែនិងអាកាសយានដ្ឋាន សម្រាប់គោលដៅប្រើប្រាស់ទាំងយោធានិងស៉ីវិល។ ខ្លឹមសារក្នុងកិច្ចព្រមព្រៀងនោះ ក៏អនុញ្ញាតឱ្យអាមេរិក អាចប្រមូលផ្តុំកងទ័ពនិងបរិក្ខារយោធានៅ PNG ផងដែរ ហើយវាគ្របដណ្តប់លើមូលដ្ឋានយោធាជើងទឹក ឡុមប៊្រូម (Lombrum) ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ ដោយអូស្រ្តាលីនិងអាមេរិក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចជាក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រឹងព្យាយាមទប់ស្កាត់កុំឱ្យ ក្រុមប្រទេសដែនកោះនៅតំបន់ប៉ាស៉ីហ្វិក នាំគ្នាទៅបង្កើតចំណងទាក់ទងផ្នែកសន្តិសុខជាមួយចិន ដែលកំពុងតែកើនឡើងឥទ្ធិពលនៅឥណ្ឌូ-ប៉ាស៉ីហ្វិក និងបន្ទាប់ពីទីក្រុងប៉េកាំងបានចុះកិច្ចព្រមព្រៀងសន្តិសុខមួយ ជាមួយប្រទេសសូឡូម៉ុនកាលពីឆ្នាំមុន៕