(វែលីងតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទ្វារបានបើកចំហសម្រាប់ នូវែលសេឡង់ ដើម្បីចូលរួមជាមួយគម្រោងអភិវឌ្ឍ និងផែនការលទ្ធកម្មអាវុធ នៃបក្សសម្ព័ន្ធត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។

លោក ប្ល៊ីនខិន បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងវែលីងតោន យ៉ាងដូច្នេះថា «យើងបានធ្វើការជាមួយគ្នាជាយូរមកហើយលើបញ្ហាសន្តិសុខជាតិ ដ៏សំខាន់បំផុត។ ដូច្នេះនៅពេលដែលយើងត្រូវអភិវឌ្ឍបន្ថែមទៀតលើគម្រោង AUKUS នេះ ដូចដែលខ្ញុំបាននិយាយចឹង ទ្វារគឺបើកចំហសម្រាប់ការចូលរួម ទាំងនូវែលសេឡង់ និងដៃគូរផ្សេងទៀត»។ លោក ប្ល៊ីនខិន បន្ថែមថា នូវែលសេឡង់មិនមែនទើបតែជាប្រទេសមួយក្នុងចំណោម ៣ប្រទេសផ្សេងទៀតនៃ តំបន់ប៉ាស៉ីហ្វិកនោះទេ។

នូវែលសេឡង់បាននិយាយថា ខ្លួនបើកចំហសម្រាប់ការពិភាក្សាលើដំណាក់កាលទីពីរនៃគម្រោង AUKUS ដែលផ្តោតលើបច្ចេកវិទ្យាយោធា ប៉ុន្តែលោកស្រី ណាណាយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ បានរំលឹកឡើងវិញថា «ទីក្រុងវែលីងតោន មិនបានត្រៀមខ្លួនដើម្បី សម្របសម្រួល ឬផ្លាស់ប្តូរគោលជំហរគ្មាននុយក្លេអ៊ែររបស់យើងទេ ហើយបន្តគាំទ្រតំបន់ប៉ាស៉ីហ្វិកគ្មាននុយក្លេអ៊ែរ»

គួរបញ្ជាក់ថា គម្រោង AUKUS ពហុភាគី ដែលបានប្រកាសកាលពីខែមីនាកន្លងទៅ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ ឬដើមឆ្នាំ២០២៤ ជាមួយនឹង ការផលិត និងការធ្វើប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រវាងអង់គ្លេស អូស្រា្តលី ដោយប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក៕