(តៃប៉ិ)៖ អាជីវកម្ម និងសាលារៀន នៅភាគខាងត្បូងកោះតៃវ៉ាន់ ត្រូវបិទទ្វារជាបណ្តោះអាសន្ន នៅព្រហស្បតិ៍នេះ ហើយក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើរក្នុងស្រុករាប់រយ ចំពេលមានការព្រមានពីបំណាក់ដី ទឹកជំនន់ ខណៈព្យុះទីហ្វុងដុកស៊ូរី (Doksuri) បានបោកបក់មកលើ កោះនេះ និងបន្តឆ្ពោះទៅកាន់ប្រទេសចិននាចុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។

ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ បានចេញការព្រមានអំពីខ្យល់ខ្លាំង និងភ្លៀងធ្លាក់សម្រាប់ផ្នែកភាគខាងត្បូង ដែលរួមទាំងទីក្រុងកៅស៊ុង (Kaohsiung) ជាទីក្រុងកំពង់ផែដ៏សំខាន់មួយ។ មនុស្សជាង ៤,០០០នាក់ត្រូវបានជម្លៀសចេញ ដោយភាគច្រើនជាអ្នករស់នៅតំបន់ភ្នំភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ ដែលមានភ្លៀងធ្លាក់កម្រិតជិត ០.៧ម៉ែត្រនៅក្នុងតំបន់ខ្លះ និងភ្លៀងកម្រិតរហូតដល់ ១ម៉ែត្រត្រូវបានព្យាករទុក។

ជើងហោះហើរក្នុងស្រុកទាំងអស់ត្រូវបានផ្អាក រីឯជើងហោះហើរអន្តរជាតិមួយចំនួនត្រូវបានលុបចោល។ រីឯសេវាកម្មផ្លូវដែករវាងភាគខាងត្បូង និងភាគខាងកើតតៃវ៉ាន់ ក៏ត្រូវបានបិទផងដែរ។ ព្យុះនេះបានកាត់ផ្តាច់ចរន្តអគ្គិសនីរបស់ពលរដ្ឋជាង ១៥,៧០០គ្រួសារនៅទូទាំងកោះតៃវ៉ាន់ ប៉ុន្តែភាគច្រើនត្រូវបានស្តារឡើងវិញ។

គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅតៃ​វ៉ាន់) ព្យុះទីហ្វុង Doksuri ត្រូវបានចាត់ថ្នាក់ជា ព្យុះទីហ្វុងខ្លាំងកម្រិតលេខ២ ដោយកំពុងបក់បោកឆ្ពោះទៅភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងល្បឿនខ្យល់អតិបរមា ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង៕