(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន មិនមែន កំពុងជាប់គាំងនោះទេ ប៉ុន្តែគ្រាន់តែមិនមានភាពរីកចម្រើនលឿនរហ័សគ្រប់គ្រាន់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។

លោក John Kirby ធ្វើការកត់សម្គាល់ខាងលើ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតប នៅពេលត្រូវបានសាកសួរពីល្បឿន នៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី ហ្សេលេនស្គីផ្ទាល់បានទទួលស្គាល់ថា ប្រតិបត្តិការវាយបកមិនមានភាពរីកចម្រើនលឿនរហ័ស ដូចដែលលោកចង់បាននោះទេ...សហរដ្ឋអាមេរិកនឹងមិនប្រកាន់ជំហរណាមួយចំពោះរឿង នេះឡើយ»។ ប៉ុន្តែ លោក Kirby បានបន្ថែមថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន មិនមែនកំពុងជាប់គាំងនោះទេ ដោយកងកម្លាំងអ៊ុយក្រែន កំពុងវាយរុលទៅមុខសន្សឹមៗ។

គួរបញ្ជាក់ថា បើតាមលោក John Kirby សហរដ្ឋអាមេរិកនឹងបន្តផ្ដល់ជំនួយ ដើម្បីធានាឱ្យបានថាកងកម្លាំងអ៊ុយក្រែនមានសមត្ថភាព និងអាវុធ គ្រប់គ្រាន់ដែលពួកគេត្រូវការ ក្នុងការប្រយុទ្ធវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន៕