(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយលោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីថ្ងៃពុធម្សិលមិញ ហើយបានជូនលោករដ្ឋមន្ត្រីការពារជាតិរុស្ស៉ីរូបនេះ ទៅទស្សនាការតាំងពិព័រណ៍អាវុធទំនើបៗរបស់ទីក្រុងព្យុងយ៉ាង ក្នុងនោះរួមមានទាំង មីស៊ីលបាលិស្ទីគ ខណៈភាគីទាំង២ សន្យាពង្រឹងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងជំនួបនោះដែរ លោក សយហ្គូ បានប្រគល់សំបុត្រមួយច្បាប់របស់លោកប្រធានាធិបតី ពូទីន ឱ្យលោក គីម ជុងអ៊ុន ហើយ លោក គីម បានអរគុណលោក ពូទីន សម្រាប់ការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំលោក សយហ្គូ មកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដែលបានជួយពង្រឹងទំនាក់ទំនង យុទ្ធសាស្ត្រ និងជាប្រពៃណីរវាងកូរ៉េខាងជើង និងរុស្ស៉ីឱ្យកាន់តែស៊ីជម្រៅ។ KCNA មិនបាននិយាយពីសង្រ្គាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក កាង ស៊ុនណាំ (Kang Sun Nam) បាននិយាយថាទីក្រុងព្យុងយ៉ាងគាំទ្រយ៉ាងពេញទំហឹងដល់រុស្ស៉ី ក្នុងការប្រយុទ្ធដើម្បីយុត្តិធម៌ និងអធិបតេយ្យរបស់ខ្លួន។
ចំណែក លោក សយហ្គូ ក៏បានកោតសរសើរយោធាកូរ៉េខាងជើងផងដែរថាជាយោធាដ៏មានឥទ្ធិពលមួយ នៅក្នុងពិភពលោក ខណៈការប្រសើរឡើងនៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង កើតមានឡើង ចំពេលសហរដ្ឋអាមេរិកបានចោទប្រកាន់ថាកូរ៉េខាងជើងបានផ្ដល់អាវុធឱ្យរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានអ៊ុយក្រែន។ ប៉ុន្តែ កូរ៉េខាងជើង បានដិសេធចោលការចោទប្រកាន់បែបនេះ។
គួរបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រុស្ស៉ីដឹកនាំដោយលោក សយហ្គូ និងចិនដឹកនាំដោយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្ដចិន លោក លី ហុងចុង (Li Hongzhong) បានធ្វើដំណើរទៅដល់កូរ៉េខាងជើងក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី៧០ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលនៅកូរ៉េខាងជើងត្រូវបាន ចាត់ទុកថាជាទិវាជ័យជម្នះដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះ។ លោក លី ហុងចុង ក៏ត្រូវបានរាយការណ៍ដែរថាបានប្រគល់សំបុត្រមួយច្បាប់របស់ លោកប្រធានាធិបតី ស៊ី ជិនពីង ឱ្យលោក គីម ជុងអ៊ុន ក្នុង ជំនួបដាច់ដោយឡែកមួយក្នុងទីក្រុងព្យុងយ៉ាង៕