(ឡាអេ)៖ កប៉ាល់ដឹកទំនិញមួយគ្រឿង ដែលផ្ទុករថយន្តជិត ៣,០០០ គ្រឿង បានឆាបឆេះដោយមិនអាចគ្រប់គ្រងបានកាលពីថ្ងៃពុធសប្តាហ៍នេះនៅសមុទ្រខាងជើង ហើយឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសហូឡង់បាននិយាយថា សមាជិកនាវិកម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ហើយថាខ្លួនកំពុងធ្វើការដើម្បីជួយសង្រ្គោះនាវាពីការលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ឆ្មាំឆ្នេរសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ និងឧទ្ធម្ភាគចក្រជាច្រើន ត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះសមាជិកនាវិកទាំង ២៣នាក់ចេញពីកប៉ាល់ បន្ទាប់ពីពួកគេបានព្យាយាមពន្លត់ភ្លើងដោយឥតប្រយោជន៍។
អ្នកនាំពាក្យឆ្មាំសមុទ្រ លោកស្រី Leah Versteig បានប្រាប់សារព័ត៌មាន Associated Press ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា «បច្ចុប្បន្នមានកប៉ាល់ជាច្រើននៅកន្លែងកើតហេតុ កំពុងតាមដានស្ថានការណ៍ និងស្វែងរកវិធីធ្វើឱ្យភ្លើងស្ថិតក្រោមការគ្រប់គ្រង»។
នៅពេលសួរថាតើកប៉ាល់អាចលិច ឬអត់ លោកស្រី Versteig បានឆ្លើយថា «វាជាសេណារីយ៉ូដែលយើងរងចាំមើល ហើយអាក្រក់បំផុត។ យើងកំពុងរៀបចំសម្រាប់គ្រប់សេណារីយ៉ូនេះ»។
មូលហេតុនៃការឆេះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។ ទោះជាយ៉ាងណា មន្ត្រីឆ្មាំឆ្នេរសមុទ្របានប្រាប់ទូរទស្សន៍រដ្ឋ NOS ថា មូលហេតុដែលទំនងជាបណ្តាលឱ្យមានអគ្គីភ័យនេះ គឺដោយសាររថយន្តអគ្គិសនី ដែលជារថយន្តមួយក្នុងចំណោមរថយន្តប្រហែល ២៥គ្រឿងនៅលើកប៉ាល់នោះ៕