(វ៉ែលវីនតុន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅទស្សនកិច្ចនៅព្រះរាជាណាចក្រដ៏តូចមួយ នៅក្នុងតំបន់ប៉ាស៊ីហ្វិកគឺប្រទេសតុងហ្គាកាលពីថ្ងៃពុធ ខណៈដែលសហរដ្ឋអាមេរិកបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួននៅក្នុងតំបន់នេះ ដើម្បីរាំងខ្ទប់ឥទ្ធិពលរបស់ចិនដែលកើនឡើងនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
តុងហ្គាដែលមានប្រជាជនច្រើនជាង ១០០,០០០នាក់ បានជួបប្រទះការផ្ទុះភ្នំភ្លើងដ៏ធំមួយកាលពីឆ្នាំមុន ដែលបង្កឱ្យមានរលកយក្សស៊ូណាមិ និងបានសម្លាប់មនុស្ស ៤នាក់ និងបញ្ចេញចំហាយទឹករាប់លានតោនទៅក្នុងបរិយាកាស។
លោក Blinken បានសម្ពោធស្ថានទូតអាមេរិកថ្មីនៅតុងហ្គា ដែលបានបើកកាលពីពីរខែមុន និងបានកោតសរសើរចំពោះការវិលត្រឡប់មកវិញ របស់អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps បន្ទាប់ពីជំងឺរាតត្បាត COVID-19 បានបញ្ចប់។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មានថា លោកមានការព្រួយបារម្ភអំពីសកម្មភាពរបស់ប្រទេសចិននៅក្នុងតំបន់ រួមទាំងសកម្មភាពសេដ្ឋកិច្ច «ដ៏គួរឱ្យខ្លាច» ការទាមទារដែនសមុទ្រ «ខុសច្បាប់» ក៏ដូចជាកើនឡើងសកម្មភាពយោធារបស់ចិនផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា លោក Blinken បានជួបនាយករដ្ឋមន្ត្រីតុងហ្គា លោក Siausi Sovalini និងមន្ត្រីផ្សេងទៀតដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងពិភពលោក៕
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាលើកទីបីរបស់ លោក Blinken ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេលពីរខែចុងក្រោយនេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន និងឥណ្ឌូនេស៊ី។
លោក Blinken នឹងធ្វើដំណើរបន្ទាប់ ទៅកាន់ប្រទេសនូវែលសេឡង់ ជាកន្លែងដែលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកនឹងជួបជាមួយមន្ត្រីនៅទីនោះ និងទស្សនាការប្រកួតបាល់ទាត់ពិភពលោកនារី រវាងសហរដ្ឋអាមេរិក និងហូឡង់។ បន្ទាប់មកលោកធ្វើដំណើរទៅកាន់ទីក្រុង Brisbane ប្រទេសអូស្ត្រាលី ដើម្បីជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងសមភាគីអូស្ត្រាលីរបស់ពួកគេ៕